Tuesday, September 24, 2013

បាលីប៉ុន្មានឃ្លា

ខ្ញុំសូមជូនបាលីប៉ុន្មានឃ្លាទៅចុះ :

១- មិនល្អ មិនអាចទុកចិត្ត: មិននិយាយឲ្យច្បាស់ មិនប្រាប់ពីមូលហេតុ និងជាពិសេសគោលដៅ ។

២- មិនល្អ មិនអាចទុកចិត្ត: និយាយផ្អែម មានហេតុផល មានគោលដៅ តែធ្វើផ្ទុយ ឬមិនធ្វើ ។

៣- ល្អ អាចទុកចិត្តបាន : មានស្មារតីទទួលខុសត្រូវខ្ពស់ និយាយខុស " សុំទោស និងទទួលខុស" ធ្វើខុស "សុំទោស និងទទួលខុស" មិននិយាយម្តងលិច ម្តងកើត តែមានសង្គភាព (Consistency) និងការទទួលខុសត្រូវក្នុងការនិយាយ ធ្វើ និងក្នុងគោលដៅដែលបានបញ្ជាក់ ។

អ្នកអាចសិក្សាស្វែងយល់ពីបាលីខាងលើតាមរយ:ប្រវត្តិសាស្រ្ត និងព្រឹត្តិការណ៏នយោបាយ ជាពិសេសបើនិយាយពីព្រឹត្តិការណ៏នយោបាយគឺមានគណបក្សដែលបាត់បង់ជំនឿទុកចិត្តទាំងស្រុងដោយសាបាលី (១) & (២) ។ អាចនិយាយថាបាលីដែលល្អគឺបាលីទី (3) តាមរយ: ការបើកចំហរសម្រាប់មតិប្រជាពលរដ្ឋ ការតាមដាន និងការចូលរួមចំណែក ។

អ្នកនយោបាយមានគោលដៅ និងផលប្រយោជន៏របស់គេ ប៉ុន្តែអ្នកនយោបាយជាតំណាងឲ្យប្រជាពលរដ្ឋធ្វើការដើម្បីផលប្រយោជន៏ប្រជាពលរដ្ឋ ដូច្នេះអ្នកនយោបាយត្រូវមានទំនួលខុសត្រូវនៅក្នុងស្មារតីនេះ ។

រីឯប្រជាពលរដ្ឋគាំទ្រដោយសាបានមើលឃើញផលប្រយោជន៏ផ្ទាល់ខ្លួន និងសង្គម តែប្រជាពលរដ្ឋក៏ត្រូវមានការទទួលខុសត្រូវជាប្រជាពលរដ្ឋម្នាក់ មានការចូលរួម និងដើរតួនាទីនៅក្នុងចំណែករបស់ខ្លួន ។ ការយកចិត្តទុកដាក់ ការតាមដាន និងចំណង់ក្នុងការតាមដានពត៌មាន ក៏ដូចជាបង្កើនសមត្ថភាពយល់ដឹងមាន សារ:សំខាន់ណាស់ដើម្បីតម្លាភាព និងការបែងចែកខុសត្រូវ មានប្រយោជន៏រួម ឬឥតប្រយោជន៏ ។

ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋគួរដើរតួនាទីសកម្មដូចគ្នា តាមដាន និងគាំទ្រគ្នាទៅវិញទៅមក ដូចនេះទាំងអស់គ្នាបានប្រកាន់ការទទួលខុសត្រូវ សប្បាយចិត្ត និងទទួលផលប្រយោជន៏ដូចគ្នា ។

សូមអរគុណ

ព្រះពុទ្ធសាសនា និងការវិវឌ្ឃន៏នៃសង្គម

  • មនុស្សជាយក្ស ។ ពិភពលោកសម្រាប់តែអ្នកខ្លាំង (Survival Of The Fittest) ។

    នៅក្នុងព្រៃសត្វធំស៊ីសត្វតូច ។ សត្វខ្លាំងស៊ីសត្វទន់ខ្សោយ ។ នេះជាដំណើរធម្មជាតិ ។

    តែអ្នកកាន់ព្រះពុទ្ធសាសនាត្រូវបានបង្រៀនយ៉ាងខ្ជាប់ខ្ជួនពី "ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់" និងពីព្រហ្មវិហារធម៌៤មាន :

    ក-មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យគ្រប់រូបទទួលបានសេចក្តីសុខ។

    ខ-ករុណា សេចក្តីអាណិត អាសូរចំពោះគ្នាពេលមានទុក្ខ ដោយប្រាថ្នា ចង់ឱ្យឆាប់រួចចាកសេចក្តីទុក្ខនោះ។

    គ-មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញអ្នកទាំងឡាយ បាន ទទួលសេចក្តីសុខចម្រុងចម្រើន ។

    ឃ-ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាលកាត់សេចក្តីដោយប្រើប្រាជ្ញា ។ (មង្គលត្ថទីបនី ២ ទំព័រ ១៥៣ ។ Consulted through www.khmerbuddihsm.ca) ។

    ជាក់ស្តែងគឺជាក់ស្តែង និងការពិតនៅជាការពិត ។ យើងអាចសួរដោយសេចក្តីស្មោះត្រង់ថាតើប៉ុន្មានដងដែលយើងនៅមានចិត្តជាយក្ស និងមានចិត្តជាសត្វធំនៅក្នុងព្រៃ?

    បុគ្គលជាមាសមិនសុទ្ធ និងមិនអាចល្អឥតខ្ចោះ នេះជាសច្ចភាពមួយ ។ ឥឡូវគិតនៅក្រៅប្រអប់ និងមើលទៅពិភពលោកដ៏ទូលំទូលាយម្តង ។ ការពិតប្រសិនបើអាចប្រកាន់ខ្ជាប់ និងប្រព្រឹត្តិនៅក្នុងផ្លូវធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងក្នុងព្រហ្មវិហារធម៌ផ្តើមចេញពីបុគ្គលភាគច្រើនជាសមាជិកសង្គម សង្គមនោះនឹងពោរពេញទៅដោយសេចក្តីសណ្តោស យោគយល់ និងភាពទៀងត្រង់ ។ ប៉ុន្តែសច្ចភាពនៃកង់វិលប្រព្រឹត្តទៅគឺមិនហួសពី ទោស: លោភ: មោហ: និងតណ្ហា ហេតុនេះបើយើងក្រឡេកមើលប្រព័ន្ធគ្រប់គ្រងនៅបរទេសវិញគឺគេ ផ្តោតយ៉ាងយកចិត្តទុកដាក់ និងជាសំខាន់លើច្បាប់ ការអប់រំមានគុណភាព ការទទួលខុសត្រុវ និងមនសិការក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងវិជ្ជាជីវ: ។ នេះជាការគិត ជាការរៀបចំ និងជានយោបាយវិទ្យាសាស្រ្តសង្គមយ៉ាងច្បាស់លាស់មួយ ហើយគេប្រឹងប្រែងព្យាយាម យ៉ាងម៉ឺងម៉ាត់ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងសង្គមនេះចេញជារូបរាង និងផ្តល់ផ្លែផ្កាដ៏គួរឲ្យពេញចិត្ត ។ សង្គមគេក៏ចាកផុតពីសង្គមមនុស្សយក្ស ឬសត្វធំស៊ីសត្វតូច ហើយជាសង្គមមានភាពស្មើភាពគ្នាចំពោះមុខច្បាប់ មានយុត្តិធម៌សង្គម មានឪកាស និងទ្រព្យសម្បត្តិបានពីធនធានប្រទេសចែករំលែកសមគេសមយើងអាចទទួលយកបាន ។  ក្នុងន័យនេះសង្គមគួរផ្តោត និងពង្រឹងលើវិស័យច្បាប់ វិស័យអប់រំធនធានមនុស្សមានគុណភាពសម្រាប់ពង្រឹងប្រព័ន្ធគ្រប់គ្រង និងធានានិរន្តភាពនៃសង្គមដូចនេះ ។ ទំនួលខុសត្រូវ និងមនសិការក្នុងនាមប្រជាពលរដ្ឋ និងក្នុងវិជ្ជាជីវ:ត្រូវធ្វើសមាហរណកម្ម និងបណ្តុះយ៉ាងយកចិត្តទុកដាក់នៅក្នុងវិស័យច្បាប់ និងវិស័យអប់រំ ។ ធ្វើដូចនេះសង្គមនឹងដើរស្របនឹងព្រះពុទ្ធសាសនា ហើយលទ្ធផលនឹងស្តែងចេញយ៉ាងច្បាស់ដោយមិនផ្ទុយពីទ្រឹស្តីទេ ។

    ជាការសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ ។ សូមអរគុណ ។

ត្រូវលះបង់ផ្នត់គំនិតនេះ


ត្រូវលះបង់ផ្នត់គំនិត "កើតមកមួយជាតិ ធាតុមួយចានស៊ីច្បាមបានប៉ុណ្ណាត្រូវតែច្បាម ។ រស់មានស៊ីមានចាយមានគេហៃអើមានគេបញ្ជោរ ។ គ្មានស្មារតីទទួលខុសត្រូវ បើជាប្រជាពលរដ្ឋសាមញ្ញមិនអីទេ តែអ្នកមានតួនាទីមិនប្រឹងបំពេញកាតព្វកិច្ច មិនទទួលខុសត្រូវ មិនប្រកាន់ច្បាប់ប្រាកដជារញ៉េរញ៉ៃច្រឡូកបូកបល់ការងារដូចចាប់ក្តាមដាក់ចង្អេរមិនខាន គឺមិនទៅណាទេ ។ កុំគិតថាអ្នកឆ្លាតបើទោះរស់មានស៊ីមានចាយមានគេហៃអើមានគេបញ្ជោរតែបើនិយាយពីចោលម្សៀតគ្មានបានការគ្មានការទទួលខុសត្រូវនោះ សុខចិត្តធ្វើពលរដ្ឋសាមញ្ញកុំឲ្យមនសិការជេរស្តី ឬអាចប្រវត្តិសាស្រ្តដាក់បណ្តាសារប្រជាពលរដ្ឋជេរបញ្ចោរ ។"

កំប្លែងដ៏គ្រោះថ្នាក់

រឿងខ្លះដែលអាចស្តាប់សើចសប្បាយ តែឲ្យអ្នកអន់ប្រាជ្ញា ឬសឹងតែនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផង :

១ បើស្រវឹងកុំបើកបរ ។ អ្នកខ្លះដូចទើបងើបពីអណ្តូងមិនដែលអានសៀវភៅ ឬរៀនគិតអីសោះថាបើមិនឲ្យបើកបរ មានតែទុកឡាន ម៉ូតូចតចោល ហើយដើរទៅផ្ទះ ។ បើគេធ្វើច្បាប់ចរាចរណ៏តឹងរ៉ឹង ឡានតាក់ស៊ីបែបកាន់តែសម្បូរម៉ូយ ព្រោះអ្នកផឹកច្រើននឹងសម្រេចចិត្តជិះតាក់ស៊ីពេលស្រវឹងវិញព្រោះខ្លាចការផាកពិន័យ ឬដកប័ណ្ណបើកបរ ។

២ បើកបរម៉ូតូគួរពាក់មួកសុវត្ថិភាព ។ អ្នកកំប្លែងរបៀបចូលចិត្តចង់ឲ្យមនុស្សឡប់និយាយថាស្មានតែពាក់ម៉ួកហ្នឹងគ្រោះថ្នាក់មិនបាក់កងាប់អី

៣ ផឹកស៊ីមានអីត្រូវខ្លាចព្រោះត្រូវរង្វាន់ ផឹកស៊ីសម្បូរញាតិ ។ ចុះផឹកល្មមៗមានពេល មានឪកាសវាមានទៅអី តែផឹកចង់ខូចសតិ ទៅជាឈឺហ្នឹងម៉េចក៏មិនចេះគិតស្រឡាញ់ថែទាំសុខភាពខ្លួនផង ។

៤ អានសៀវភៅ អានពត៌មាននាំឲ្យឈឺក្បាល ឈឺក្បាលនាំស្រ្តេសហើយនាំឲ្យតែអាយុខ្លី ។ ប្រភេទនេះបើបេះផ្លែឈើ ស្រួលមិនស្រួលកាប់រំលំដើមតែម្តងព្រោះគិតតែឲ្យពីបានមួយពេល សប្បាយមួយគ្រាយករួចខ្លួន ។ ជាប្រភេទខួរក្បាលកូនក្មេងរហូតមិនចេះធំព្រោះមិនចេះគិតមានទំនួលខុសត្រូវ ។

៥ ធ្វើមនុស្សប្រុសកុំស៊ាំញ៉ាំ ឆុងឆាំងប៉ូងផាំងអាងកម្លាំងទើបមនុស្សប្រុស ។ ទើបតែមើលកាសែតពីថ្ងៃមុនឃើញគាត់នោះចាក់ប្តីជាងដប់កាំបិត ។ ប្រយ័ត្នឆ្នាំងណាគំរបហ្នឹង ។ មើលទៅមានតែហ្វឹកហ្វឺននិយាយហេតុផល យោគយល់គ្នាទេ ។ កុំចូលចិត្តធ្វើកន្លង់ប្រយ័ត្នប្រពន្ធធ្វើប៉ូលីសជាសិលានៅមុខហាងខារ៉ាអូខេហ្នឹង ។

៦ ដៃគូដូចជាម្ហូបអញ្ចឹងគឺបើញ៉ាំដដែលៗវាទ្រលាន់ ។ ហេសហេសូមទោសផង ។ ចុះបើភាគីម្ខាងទៀតគិតអញ្ចឹងដែរ ខឹងគេទេ? ឈ្លោះគ្នាដឹងចិត្តគ្នាឲ្យហើយល្អ កុំឲ្យថាដូចម្ហូបដដែល គេចង់ភ្លក់ម្ហូបថ្មី ម្ខាងទៀតធ្វើអញ្ចឹងដែរប្រាកដជាឈ្លោះគ្នាបែកផ្សែងមិនខាន ។

សូមជួយថែមរឿងដែលអ្នកបានលឺ ។

បុគ្គលនិយម

នៅពេលផ្នត់គំនិតឪកាសនិយមវាដូចជាមហារីក

នៅពេលភាពមានបានរបស់បុគ្គលទោះបានមកដោយមិនសុច្ចរិតត្រូវគេលើកទូល

ហើយភាពមានបានបុគ្គលដែលសប្បាយលើទឹកភ្នែក និងសេចក្តីឈឺចាប់នៃសង្គមប្រៀប បីដូចបុគ្គលកាប់បំផ្លាញដើមឈើទាំងមូលសម្រាប់តែបំពេញសេចក្តីលោភលន់ និងតណ្ហា របស់ខ្លួនសង្គមដូចនេះមិនខ្វល់នឹងអ្នកណាថាម៉េច មិនខ្វល់ថាអយុត្តិធម៌យ៉ាងម៉េចទេ គេនឹងមានសេចក្តីត្រេកអរនៅពេលសម្បូរអ្នកល្ងង់ ឬសម្បូរមនុស្សដេកដួលក្រាបឲ្យគេជាន់ដើម្បីឲ្យគេឈរពីលើឡើងខ្ពស់ ។

បើគ្មានច្បាប់រឹងមាំ ស្ថាប័នច្បាប់ និងអ្នកអនុវត្តន៏ច្បាប់ទេ បញ្ហានឹងដូចជាចាប់ក្តាមដាក់ ចង្អេរអញ្ចឹង។ មើលឃើញពីសារសំខាន់នៃការយល់ដឹងច្បាប់ និងការអនុវត្តន៏ច្បាប់ ហេតុអ្វីបានជាច្បាប់មិនត្រូវបញ្ចូលក្នុងប្រព័ន្ធអប់រំតែម្តង ? ខ្ញុំគាំទ្រ១០០ភាគរយចំពោះការបញ្ចូល បញ្ជ្រាប និងអប់រំច្បាប់ក្នុងប្រព័ន្ធសិក្សាអប់រំ ។

ជំងឺអាត្មានិយម

និយាយពីជំងឺអាត្មានិយមក្នុងសង្គម វាដូចជាបញ្ហាចាប់ក្តាមដាក់ចង្អេរអញ្ចឹង ។ រឿងក្រពះរឿងធំ ។ មានតែបញ្រ្ជាប អប់រំ បណ្តុះចំណេះដឹងច្បាប់នៅក្នុងប្រព័ន្ធអប់រំទេទើបអាចបង្កើនទំនួលខុសត្រូវផ្ទាល់ខ្លួន ក៏ដូចជាមនសិការការងារ ។ ត្រឹមប៉ុណ្ណេះនៅមិនគ្រប់គ្រាន់ទេត្រូវពង្រឹងច្បាប់ ស្ថាប័នច្បាប់ និងអ្នកអនុវត្តន៏ច្បាប់ ។ ប្រាក់ខែគួរអាចរស់នៅសមរម្យហើយអតិផរណាទំនិញក៏មិនគួរឡើងខ្ពស់ដែលកាន់តែធ្វើឲ្យជីវភាពជួបការលំបាក ។ គេគួរចាប់ផ្តើមនិយាយ និងធ្វើឲ្យជាក់ស្តែងនូវបរិស្ថានចែកគ្នារស់មិនមែនដណ្តើមគ្នារស់ ឬកើតមកមួយជាតិធាតុមួយចាន រស់ធ្វើម៉េចឲ្យតែឡូយជាងគេទោះសុច្ចរិតមិនសុច្ចរិត ចង់នៅលើគំនរទឹកភ្នែក ការឈឺចាប់ឬអយុត្តិធម៌អ្វីក៏មិនខ្វល់ សង្គមបែបនោះនឹងទន់ខ្សោយប្រៀបបីដូចក្រុមបាល់ទាត់ដែលលេងមិនចុះសម្រុងគ្នា ឬនិយាយពីអុកដូចជារត់យករួចខ្លួនមួយពេលតែបរាជ័យនៅនឹងមុខយ៉ាងប្រាកដ។

"ពិភពលោកមានគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នា តែមានមិនគ្រប់គ្រាន់សម្រាប់ភាព លោភលន់របស់បុគ្គលម្នាក់ៗទេ ។"

ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ

រឿងមួយដែលច្បាស់គឺ : ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ ។

គេគួរតែបង្រៀនឲ្យមានភាពជឿជាក់ក្នុងខ្លួនតាមរយ:សមត្ថភាពដោះស្រាយបញ្ហា វែកញែករកខុសត្រូវ ស្មារតីទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន ព្រោះជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនអាចល្អឥតខ្ចោះ ។ បុគ្គលគួរមានជំនឿចិត្ត មានសមត្ថភាព និងស្វះស្វែង និងបង្កើតតម្លៃផ្ទាល់ខ្លួន ។

ព្រោះជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនអាចល្អឥតខ្ចោះ ដូចនេះការបណ្តែតបណ្តោយជីវិតតាមយថាកម្ម ការគិតថានឹងមានគេ ឬសង្គមជួយសូម្បីតែខ្លួនឯងមិនប្រឹងប្រែង ការសង្ឃឹមដូចនេះមានភាគរយកាន់តែតិច កាន់តែធ្វើឲ្យបុគ្គលទន់ខ្សោយ និងក្លាយជាជនរងគ្រោះដោយសាគេ និងដោយសាវដ្តប្រព្រឹត្តទៅដែលបណ្តាលមកពីរឹសគល់នៃបញ្ហាសង្គមណាស់ ។

នៅក្នុងសេណារីយ៉ូទាំងពីរ ប្រាកដណាស់ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ ។ នេះគេក៏អាចនឹកដល់ការដាំដើមឈើ ឬរុក្ខជាតិដែលមួយគេថែទាំ យកចិត្តទុកដាក់ដល់ការលូតលាស់ និងមួយទៀតឲ្យដុះរកេតរកូតតាមយថាកម្ម ។ ឬសូម្បីរូបកាយ និងបញ្ញាប៉ាធីដែលមួយមានគោលការណ៏ មានគោលដៅច្បាស់លាស់ក្នុងការបំប៉ន និងមួយទៀតមិនរវីរវល់ឬមិនមានសកម្មភាពច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅ ។

សូមអរគុណ