Friday, January 10, 2014

អ៊ំៗជើងយូរ និងជើងជំនាញ


អ៊ំចាស់ៗពិតជាខ្ចីចាស់ ។ អស់ពីរឿងស្រុកទេស រឿងសុខភាពពួកគាត់ចាប់ផ្តើម
និយាយពីរឿងលេងអុកដែលខ្ញុំចូលចិត្តដែរ ។ ពួកគាត់ថាយើងដូចរឹងត្អឹង
អំណួតខុសរឿងគឺអួតជាងអាមេរិក ចិន បារាំង ជប៉ុនអីទៅទៀត ។ មិន
បើកចិត្តទូលាយទទួលយកអ្វីថ្មីៗ ល្អៗបើទោះបច្ចេកទេសបច្ចេកវិទ្យាគេរក
ឃើញយ៉ាងសម្បើមហើយ ។ តាំងពីលេងអុកលេងតែបើមិនសេះទឹម សេះចង
ចូលចិត្តតែពីរទម្រង់ហ្នឹង ។ អីយ៉ាភ្ញាក់ព្រើត មើលទៅអ៊ំៗជ្រៅជ្រះណាស់តើ ។
គាត់ថាគេអាចលេងទៅ ០៦ទម្រង់ ឬច្រើនជាងហ្នឹងឯណោះ ។ បន្ថែមលើទម្រង់
សេះទឹម សេះចងគាត់បង្ហាញដូចក្នុងរូប ។ ពួកគាត់ថាយើងល្មមដល់ពេល
គិតគូរថ្លឹងថ្លែងរកមេរៀន វិធានការណ៏ ព្រមទាំងគោលនយោបាយអីឲ្យប្រជា
ពលរដ្ឋបានចេះដឹង ឆ្លាត និងចេះគិតគូរពីផលប្រយោជន៏រួមហើយ ។

ស្តាប់គាត់ទៅដូចនឹកឃើញពីពាក្យ "ទន់ភ្លន់ តែមិនទន់ជ្រាយ រឹងប៉ឹងតែ
មិនរឹងរូស" ។ គាត់ថាហ្នឹងហើយតែឃើញតែជ្រាយទៅតែម្តង ហើយនិងរឹង
រូស ។ ខ្ញុំថាមកពីមិនដែលប្រាប់ពន្យល់ឲ្យក្មេងៗដឹងផង ធ្វើម៉េចគ្នា
ចេះ? គឺកម្រឃើញជជែកពិភាក្សាណាស់ទាំងក្នុងគ្រួសារ នៅសាលា និង
ការងារថ្នាក់ជាតិ ។ គាត់ថាហ្នឹងហើយថែមទាំងមិនចូលចិត្តអានទៀត
ប្រើតែអារម្មណ៏ស្រួលតែគេកេង គេបោកមិនដឹងគោលដៅ ចេតនាគេ ។
មើលតែរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៏រកអ្នកទទួលខុសត្រូវ រកមូលហេតុ
ម៉េចបានជាដាច់ចិត្តសម្លាប់ពូជសាសន៏ឯងរកមិនទាន់ដឹងកោះត្រើយ
ឯណាផង ។ ដឹងរឿងអប់រំដែលក៏លើកថាចុះអ៊ំប្រព័ន្ធអប់រំដែលបង្កើត
ជំនឿចិត្ត បង្កើតសមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា និង
ការទទួលខុសត្រូវម៉េចដែរ? ពួកគាត់ថាបើបានអញ្ចឹងឆ្នាំ ២០១៥ទៅខ្លាច
ការធ្វើសមាហរណកម្មអាស៊ានអី ។ ខ្លាចចូល២០១៥ ហ្នឹងតាមសមត្ថភាព
ខ្លាចតែធ្វើការបាន "តែចាប់ទឹកកក" ឲ្យគេ ។ ចាប់ទឹកកកឲ្យគេមានន័យថា
ម៉េច? គឺដូចរកស៊ីអញ្ចឹងគឺដឹងតែពីខាតគឺចូល២០ ទៅ៣០ចេញទៅគេវិញ
២០០ទៅ៣០០ ហ្នឹងមិនខាត ។ ដូចការងារយើងធ្វើប្រើកម្លាំងពលកម្មច្រើន
ជាពលករជំនាញទាបហ្នឹងមិនដូចចាប់ទឹកកកឲ្យគេ!

អីយ៉ាជជែកជាមួយគាត់ចេះដឹងរឿងបានច្រើនមែន ។ ពិតជាសំណាង ។
បន្ទាប់មកពួកគាត់សួរផ្ចាញ់ផ្ចាល់គ្នារឿងសហរដ្ឋអាមេរិក ។ គាត់លើក
សំណួរថាម៉េចបានជាកំនត់អាណត្តិប្រធាធិបតីតែពីរអាណត្តិ? ហេតុអ្វី
ឧទាហរណ៏ថាប្រធាធិបតីផ្សេងកាន់ពីរអាណត្តិហើយប្រធានាធិបតី
មុនមិនអាចឈរឈ្មោះជាប្រធាធិបតីទៀត? គ្នាគាត់រាងអេះអុញដែរ ។
ពួកគាត់ឆ្លើយថាខ្លាចរឿងបង្កើតបក្សពួក ។ ដល់ទៅបក្សពួកគេ
ខ្លាចតែការផ្តេជ្ញាចិត្ត ការសន្យាថាតម្កល់ផលប្រយោជន៏ប្រទេសជាតិ
និងប្រជាពលរដ្ឋនៅលើតែមាត់មិនអាចសម្រេចបាន ។ ដូច្នេះគេសុខ
ចិត្តប្រធានាធិបតីកាន់តែពីរអាណត្តិ ចប់អាណត្តិអាចចូលជាក្រុម
ប្រឹក្សាផ្តល់យោបល់ដល់ប្រធាធិបតីក្រោយៗទៀតតែប៉ុណ្ណោះ ។
ចុងក្រោយគាត់លើករឿងបីសម្រាប់ពិចារណា:
១) ធ្វើឲ្យផ្លូវឡើងទៅកាន់តំណែងធំឲ្យពិបាកបន្តិចគឺទាមទារការទទួល
ខុសត្រូវទាំងកាយ វិចារ ចិត្ត (ចេតនា និងគោលដៅ) ក្រៅពីជំនាញ
និងមនសិការ ។ មេត្តា ករុណា មុទិតាគឺពិបាកទាយ និងកំណត់បាន
ណាស់ដូច្នេះទាមទារការទទួលខុសត្រូវវិញ ។

២) ទាមទារឲ្យអ្នកកាន់ការបើកចំហរ ចូលចិត្តជជែកពិភាក្សាដោយ
អហិង្សា ដោយសន្តិវិធី វិជ្ជាជីវ: និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ទសពិធ៌រាជធម៌ទាំងដប់ ឬពាក្យស្លោក "ទុក្ខរបស់រាស្រ្តជាទុក្ខរបស់ព្រះអង្គ ។"
ពិបាកដឹងណាស់មានតែចង់ឲ្យបើកចំហរ ឲ្យឃើញការទទួលខុសត្រូវ និង
ឃើញការធ្វើល្អជារឿយៗទើបអាចដឹង ។

៣) ឲ្យតម្លៃដល់បញ្ញាជន អ្នកបច្ចេកទេស បណ្ឌិត ស្តាប់និងទទួលយកមតិ
យោបល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទុកប្រជាពលរដ្ឋម្នាក់ជាទីប្រឹក្សាម្នាក់ ។
ធនធានមនុស្សជាព្រលឹងរបស់ជាតិ មិនអាចធ្វើដូចសម័យប្រល័យពូជសាសន៏
ចាត់ទុកធនធានមនុស្សជាខ្មាំងជាសត្រូវទេ ។

ស្តាប់ហើយពិតជាសំណាង ពិតជាសំណាងជួបអ៊ំៗជើងចាស់ និងជើងជំនាញ ។

No comments: