Wednesday, December 18, 2013

ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស

ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស ។ បុគ្គលដែលមានវិន័យ មានការចាត់ចែងពេលវេលាមានប្រសិទ្ធភាព មានគោលដៅ កំណត់សកម្មភាពច្បាស់លាស់តែងតែអាចជួយខ្លួន និងអ្នកដទៃបាន ។ អ្នកអាចលេងល្បែងគិតភាគរយគឺទន់ជ្រាយមិនប្រឹងប្រែងជួយខ្លួនឯងដោយរស់តាមយថាកម្ម និងរឹងរូសដោយមិននិយាយហេតុផល ខុសត្រូវ មិនបើកចិត្តទូលាយសិក្សាស្វែងយល់ ភាគរយខ្ពស់គឺអ្នកលេងល្បែងដែលគេកំណត់ ដែលគេគូសរង្វង់ព្រំដែនឲ្យBoundary និងដែលអ្នកត្រូវរត់តាមអារម្មណ៏គេពីព្រោះអ្នកមិនមានអំណាចតថ្លៃ Bargaining Power ពីព្រោះអ្នកបានប្រគល់សិទ្ធិសម្រេចទៅឲ្យគេដោយមិនបានប្រឹងប្រែង និងចូលរួមផ្ទាល់ខ្លួន ឧទាហរណ៏ដូចស្រ្តីម្នាក់រៀបការពឹងលើការរកស៊ីរបស់បុរសតែមួយមុខ ដូច្នេះបើបានប្តីល្អក៏សុខជា តែបើបានប្តីប្រមឹក ទាត់ធាក់ហិង្សាធ្វើបាបក៏គិតថាជាកម្មត្រូវតែទ្រាំ បើទោះមានការអប់រំពីច្បាប់ និងយន្តការណ៏ផ្សេងៗសម្រាប់ដោះស្រាយ ។

ក្នុងពាក្យទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូសគួរបន្ថែមថាទន់ភ្លន់ក្នុងការប្រាស្រ័យ ទាក់ទងតែប្រឹងប្រែងជួយខ្លួនឯង ដើម្បីឈរដោយខ្លួនឯងដើម្បីអំណាចតថ្លៃនូវគុណភាព ឬបែបផែននៃជីវិតដែលចង់បាន និងរឹងប៉ឹងក្នុងន័យហេតុផល គោលការណ៏ខុសត្រូវ ទទួលខុសត្រូវ និងចេះសុំទោសនៅពេលមានកំហុស ។

តើអ្នកចង់រស់នៅតាមគុណភាព បែបផែននៃជីវិតផ្ទាល់ខ្លួនដែលអ្នកចូលចិត្តដែលអ្នកមានអំណាចនិងសមត្ថភាពធ្វើឲ្យកើតឡើងដោយខ្លួនអ្នក? ឬអ្នកគិតថាស្រេចតែគេ ស្រេចតែព្រហ្មលិខិត ដោយអ្នកជាអ្នកស្តាប់បង្គាប់ដ៏ល្អបើទោះត្រូវឬខុស មានហេតុផលឬអត់ អ្នកពេញចិត្តឬមិនពេញចិត្ត មានឬគ្មានការប្រឹក្សា និងការសម្រេចចិត្តពីអ្នក?

No comments: