ចិន ឬអាមេរិក ?
ចិន ឬអាមេរិក ?
នៅពេលចិនកំពុងពង្រីកឥទ្ឋិពល អាមេរិក “Pivot to Asia” ហើយដែលគេមើលឃើញអាមេរិកនិងចិនកំពុងប្រជែងឥទ្ឋិពលយ៉ាងស្រួចស្រាលនៅអាស៊ីដោយមិននិយាយពីការប្រកួតប្រជែងនៅប្រទេសអាហ្រ្វិក ឬនៅមជ្ឍិមបូព៌ាពេលនេះចំនុចក្តៅសម្រាប់ការប្រកួតប្រជែងមិនបាច់និយាយក៏អាចដឹងថានៅអាស៊ីនេះដែរ
។ ហើយបើរំលឹកដល់ South China Sea ឬ Senkaku in Japanese and Diaoyu island
in Chineseក៏ជាអំណះអំណាងថាចិន និងអាមេរិកកំពុងតែស្ថិតក្នុងកណ្តាលចំនុចក្តៅទៅហើយ ។ នៅក្នុងក្រឡាអុកដែលចិន និងអាមេរិកកំពុងលេងហើយប្រទេសកំពុងអភិវឌ្ឍន៏ដែលស្ថិតនៅក្នុងក្រឡាអុកហ្នឹង អញ្ចឹងសំនួរលើកឡើងថាតើត្រូវដើរក្រឡាណា? ក្រឡាចិន ឬក្រឡាអាមេរិក?
ចំពោះសំនួរនេះស្មុគស្មាញហើយប្រហែលជាមានអ្នកហ៊ានឆ្លើយឲ្យចំសំនួរនេះតិចណាស់ ។ តែចំពោះប្រទេសកម្ពុជាដែលស្គាល់យ៉ាងច្បាស់ពីមេរៀនប្រវត្តិសាស្រ្តរបស់ខ្លួនចំពោះ
កង់ប្រវត្តិសាស្រ្តនៃការប្រកួតប្រជែងរវាងអាមេរិក និងចិនដែលមេរៀនប្រវត្តិសាស្រ្តនៅមិនទាន់កន្លងផុតមិនជាយូរប៉ុន្មាននោះពិតជាមិនចង់ឲ្យជាប់ក្នុងជម្លោះប្រកួតប្រជែង (អ្នកខ្លះហៅជម្លោះប្រកួតប្រជែងរវាងចិន និងអាមេរិកថាជាជម្លោះប្រជែងឥទ្ឋិពល ជម្លោះហៅសាមញ្ញថាដើម្បីធ្វើបងធំ ឬជាជម្លោះដណ្តើមផលប្រយោជន៏ ចែកតំបន់គ្នារកស៊ី ឬប្រជែងយកធនធានធម្មជាតិ) នេះទាល់តែសោះ ។ បើរំលឹកពេលសម័យសេនាប្រមុខលន់ណុលដែលប្រទេសងាកទៅអាមេរិកគឺប្រទេសធ្លាក់ទៅក្នុងសង្រ្គាម និងជម្លោះផ្ទៃក្នុងយ៉ាងក្តៅគគុក ។ ពេលសម័យប៉ុលពតដែលប្រទេសងាកទៅចិនម្តងគឺប្រទេសធ្លាក់ទៅក្នុងសភាពឋានរកដោយប្រជាជនរងការធ្វើទារុណកម្ម ការកាប់សម្លាប់ ការបង្អត់អាហារ ប្រជាជនបាត់បង់សិទ្ធិសេរីភាពបាត់បង់ភាពជាមនុស្ស បញ្ញាវ័ន្តជាម៉ាស៊ីន និងជាកម្លាំងសម្រាប់ការអភិវឌ្ឍន៏ប្រទេសត្រូវបានសម្លាប់រង្គាល ហើយសាលារៀន មន្ទីរពេទ្យ និងស្ថាប័នដែលបំរើសេវាសម្រាប់ប្រជាជនត្រូវបានបំផ្លាញឲ្យដួលដល់ដី ។ ជារួមងាកទៅអាមេរិកពេក ឬចិនពេកជាមេរៀនប្រវត្តិសាស្រ្តគឺប្រទេសធ្លាក់ក្នុងសង្រ្គាម ភាពវឹកវរ និងជម្លោះផ្ទៃក្នុងដែលមេរៀនប្រវត្តិសាស្រ្តបានបង្ហាញយ៉ាងច្បាស់ ។
ជារួមនៅពេលចិនមានហេតុផលដែលត្រូវប្រជែងជាមួយអាមេរិក ហើយអាមេរិកមានហេតុផលដែលត្រូវប្រជែងជាមួយចិន ប្រទេសកម្ពុជាដែលកំពុងអភិវឌ្ឍន៏មិនគួរធ្លាក់ទៅក្នុងក្រឡាអុកប្រកួតប្រជែងរបស់មហាអំណាចទាំងពីរនេះទៀតទេ ។
ប្រទេសកម្ពុជាគួរអោបក្រសាបទាំងពីរទាំងចិន ទាំងអាមេរិកនិងចិន និងមិនត្រឹមតែចិន និងអាមេរិកទេគឺប្រទេសទាំងអស់សម្រាប់ជំនួយហិរញ្ញវត្ថុ ជំនួយបច្ចេកទេសនិងជំនួយជាធនធានមនុស្សគ្រប់យ៉ាងតាំងពីបារាំង
ជប៉ុន ឥណ្ឌា រុស្សី សហភាពអឺរ៉ុប និងប្រទេសនានាផ្សេងៗទៀត ។
ចំពោះវិនាសកម្មពីសង្គ្រាម ពីជម្លោះផ្ទៃក្នុងដែលទាញទម្លាក់ប្រទេសឲ្យជួបអំពើប្រល័យពូជសាសន៏ឯង និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋ និងស្ថាប័នគ្រប់បែបយ៉ាងគឺប្រទេសកម្ពុជាបានភ្លក់និងឆ្លងកាត់រួចទៅហើយ ។ ពេលនេះ ក៏ដូចពេលខាងមុខប្រទេសកម្ពុជាគួររៀបចំខ្លួន ពង្រឹងខ្លួននិងប្រឹងប្រែងរស់នៅជាមនុស្សជាតិ ជាជាតិស៊ីវិល័យ និងរស់នៅក្នុងសហគមន៏អន្តរជាតិ (GLOBAL VILLAGE) ក្នុងភាពសុខដុមរមនា ឥសរភាព និងសន្តិភាព ។
ជាការសិក្សាមួយជ្រុងតូច ។ សូមអភ័យទោសបើមានការឆ្គាំឆ្គង និងសូមជួយណែនាំ
(គ្រាន់តែជាអ្នកចូលចិត្តលេងអុក ចូលចិត្តអានស្រាវជ្រាវ និងវិភាគប៉ុណ្ណោះ ។ សូមអរគុណ)
No comments:
Post a Comment