Wednesday, May 1, 2013

ធ្លាប់ទេ?


  • ធ្លាប់ទេ?

    ប្រាដកអ្នកធ្លាប់ដឹងថាបើចង់ហាត់ប្រាណដំឡើងសាច់ដុំ ថ្ងៃបន្ទាប់ពីហាត់ប្រាកដជាឈឺសាច់ដុំ ឈឺអាចដល់ថ្នាក់ពេញទាំងខ្លួនប្រាណដោយសាសាច់ដុំយើងនៅខ្ចី ឬហាត់ដាក់ទម្ងន់ធ្ងន់ពេកដោយមិនហាត់សន្សឹមៗ ឬហាត់មិនកំដៅសាច់ដុំដោយមិននិយាយដល់ហាត់មិនមានក្បួនខ្នាតយឹតតែតាមកម្លាំងគ្រវីគ្រវាត់មិនត្រូវចលនា ។ តែបើមិនហាត់ទៅជាឡើងក្បាលពោះ ដុះពោះទៅជាឆាប់ហត់ រាងមិនសមហើយមានអារម្មណ៏ថប់ៗដោយសាក្បាលពោះ និងប្រាដកជាក្បាលពោះធំទៅៗមិនខាន ។ អញ្ចឹងហាត់អាចឈឺខ្លួនតែរាងសមបន្តិច និងបើមិនហាត់រាងចេះតែធាត់ទៅៗហើយពិបាកក្នុងខ្លួន និងអាចវិវឌ្ឃន៏ទៅជាលើសឈាម ឬទឹកនោមផ្អែម ។ គិតតែត្រឹមនេះស្មុគស្មាញបាត់ទៅហើយ ។

    បើនិយាយពីផឹក គេថាបើមកមិនផឹកមកធ្វើអី ហើយបើផឹកមិនឲ្យស្រវឹងចាំបាច់ផឹកដែរ ។ ដល់ទៅក្បាលពោះចេះតែធំទៅៗ វិវឌ្ឃន៏ជាជំងឺលើសឈាម ឬទឹកនោមផ្អែមគេថាមកពីគិតតែសប្បាយពេកផឹកស៊ីមិនចេះគិត ។ នេះមិននិយាយដល់ផឹកស្រវឹងជ្រុលបង្កជាគ្រោះថ្នាក់ចរាចរណ៏ដល់ខ្លួនឯង និងអ្នកធ្វើដំណើរដទៃផង ។ អញ្ចឹងមានតែរកតុល្យភាពរវាងគេថាបើមកមិនផឹកមកធ្វើអី ហើយបើផឹកមិនឲ្យស្រវឹងចាំបាច់ផឹកដែរ និងផឹកឲ្យមានការទទួលខុសត្រូវ ឬបើស្រវឹងកុំបើកបរហ្នឹងវាត្រូវការគិតពិចារណា និងទំនួលខុសត្រូវផ្ទាល់ខ្លួនខ្ពស់គឺមិនមែនចេះតែគេលួង គេអូសទាញហើយក្នុងហេតុផលដែលបាននិយាយមកគឺខ្លួនឯងត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង ។ ពេលខ្លះប្រហែលជាសប្បាយក្នុងតុជាមួយគ្នា តែដល់ឈឺប្រហែលជាគ្មានអ្នកណាទៅជួយកំដរដេកឈឺ ឬថាអ្នកផឹកហ្នឹងប្រមូលលុយគ្នាជួយចេញថ្លៃពេទ្យឲ្យទេ ។ អញ្ចឹងសាមញ្ញថាចេះគិតខ្លួនឯង ។

    ពីការម៉ាស្សា អ្នកធ្លាប់ប្រាកដជាដឹងគេច្របាច់សាច់សសៃ ឬមានអារម្មណ៏គេចុចដល់ឆ្អឹងហ្នឹងធ្វើឲ្យយើងរមិតរមួលឈឺតាមស្នាមម្រាមដៃគេច្របាច់ ចុចហ្នឹង។ បើមិនធ្លាប់វិញប្រាកដជាចង់ស្បថ នេះមិននិយាយដល់គេកាច់ចង្កេះ ជាន់លើខ្នងផង ។ តែបន្ទាប់ពីឈឺតាមស្នាមដៃហ្នឹង យើងប្រាកដជាស្រួលខ្លួន ឈាមរត់បានស្រួលសសៃសសូងមិនតឹង ហើយអាចជួយបំបាត់ស្រ្តេស ឬឈឺសាច់ដុំផង ។

    បើនិយាយពីបុគ្គលិកលក្ខណះរឹងពេកគេថាច្រង៉េងច្រង៉ាង ស្លូតពេកគេបោក ឬគេជិះជាន់ ។ ចុំក៏ពិបាកហើយស្មុគស្មាញម្លេះ ? តែបើនិយាយពីហេតុផល និយាយពីខុសនិងត្រូវ ឬថាឲ្យគោរពគ្នាយោគយល់គ្នាទៅវិញទៅមក ហើយគិតថាគ្មានអ្នកណាជាគ្រូដើមនៃបុគ្គលិកលក្ខណះទេ នោះអ្នកប្រាកដជាបើកចិត្តទូលាយហើយអាចស្រុះស្រួលគ្នាបានយ៉ាងងាយ ។ មិនមែនអ្នកមិននិយាយហេតុផលខ្លួនឯង ខ្លួនឯងចង់តែឈ្នះ ហើយក្នុងចិត្តប៉ងតែប៊ែងជើងគេ ចង់តែអោបគេនឹងដុំថ្មហើយជាន់ពន្លិចគេនោះ ហើយតាំងខ្លួនឯងជាគ្រូដើមបុគ្គលិកលក្ខណះអីនោះ អញ្ចឹងបើនិយាយថាជាអ្នកកាន់ព្រះពុទ្ធសាសនាដែលយកហេតុផលជាធំ ឬនិយាយពីគុណធម៌ក្នុងភាពមនុស្សជាតិគឺស្មើហ្នឹងភូតកុហក ឬជាអំពើបោកប្រាស់ប៉ុណ្ណោះ ។ បើនិយាយទៅមានតែច្បាប់វិន័យប៉ុណ្ណោះដែល ត្រូវយកមកវិនិច្ឆ័យ និងដាក់ទោសតែបើថាមនុស្សផងគ្នាមិនចង់យកប្រៀបលើគ្នា មិនចង់យកឈ្នះចាញ់គ្នានោះចាំទៅ ។ កង់វិលការប្រព្រឹត្តិរបស់មនុស្សជាតិគឺមានតែច្បាប់វិន័យ ឬស្ថាប័នដែលទ្រទ្រង់ស្មារតីនេះទេដែលអាចតម្រង់មនុស្សបាន ។

    ជាសរុបជីវភាពសម័យទំនើបជៀសមិនផុតពីភាពស្មុគស្មាញដោយសាត្រូវការទម្លាប់ដែលមានភាពច្បាស់លាស់ មានការគិតគូរម៉ត់ចត់ និងមានលក្ខណះវិទ្យាសាស្រ្ត ។ ឧទាហរណ៏ថាត្រូវប្រើស្លាបព្រាកណ្តាលសម្រាប់ចាប់ម្ហូប ឬកូនចានចង្កឹះចាប់ទឹកស៊ុបរៀងៗខ្លួន ស្តាប់ទៅដូចបរិភោគមិនសូវស្និទគ្នា តែបើគិតគូរឲ្យម៉ត់ចត់ទៅជាទំលាប់ល្អដែលផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក
    ដោយសាការចម្លងមេរោគដូចជារោគថ្លើម រោគរបេងដែលជាមេរោគឆ្លងអាចមានផលប៉ះពាល់អាក្រក់ជាងល្អទៅវិញ ។ ឬហាត់ប្រាណជួយការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង តែអ្នកមិនបានស្វែងយល់ មិនមានទំលាប់ហាត់ប្រាណទៅជាគិតថាអាចឈឺឆ្អឹងឆ្អែង ឈឺខ្លួនមិនស្រណុកខ្លួន ។ បើនិយាយទៅគឺត្រឹមត្រូវពាក់កណ្តាលបើមិនបានជ្រួតជ្រាបពីវិធីហាត់ បើមិនបានស្វែងយល់ពីរបបហូបចុក ឬការសម្រួលអារម្មណ៏ ។ ដូចនេះបើមិនហាត់គឺត្រូវពាក់កណ្តាល តែមិនបានទទួលផលប្រយោជន៏ដូចជាការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង ឬធ្វើឪ្យរាងរៅបានសមសួន ។ គិតទៅគឺពិតជាស្មុគស្មាញដែលត្រូវការការស្វែងយល់ ពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីវិធីហាត់ ពីរបបការហូបចុក និងពីវិធីសម្រួលដង្ហើមជាដើម ។

    ចំពោះវិធីសាស្រ្តបន្ធូរបន្ថយសំពាធពីភាពស្មុគស្មាញដោយសាជីវភាពទំនើបគឺការហាត់ប្រាណ មានសត្វចញ្ចឹមដូចជាឆ្កែ សេក ឬត្រី ការបន្ធូរអារម្មណ៏ជាមួយធម្មជាតិ ដើរកំសាន្ត ឬចំណាយពេលនៅជាមួយគ្រួសារ ធ្វើសកម្មភាពជាក្រុមគ្រួសារជាដើម ។ ហើយការសិក្សាស្វែងយល់ ការមានចំណាប់អារម្មណ៏ខ្ពស់ចំពោះការអាន និងការស្វែងរកពត៌មានឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយគឺមានសារសំខាន់ណាស់ ។ ទន្ទឹមហ្នឹងនេះការអត់ធ្មត់ ការរៀនគោរព និងសណ្តោសគ្នា និងជួយគ្នា
    កាន់តែមិនអាចមើលរំលងដោយសារមនុស្សក្នុងសម័យនេះអាចវិវឌ្ឍន៏កាន់តែពិសពុល និងឆេវឆាវដោយសាតម្រេកដើម្បីទទួលបានសម្ភារះ ។

No comments: