Thursday, September 4, 2014

ខុសគ្នា

វាដូចជាប្រទេសក្នុងពិភពជឿនលឿនគេប្រកាន់ទស្សន:ថាជីវិតនឹង
មិនល្អឥតខ្ចោះ ដូច្នេះហើយគេបង្កើត គេរៀបចំ និងធ្វើឲ្យកាន់តែល្អ
ប្រសើរនូវបទដ្ឋាន ប្រព័ន្ធតម្រែតម្រង់ គាំពារ និងលើកទឹកចិត្ត ។ល។
តាំងពីខ្យល់ដកដង្ហើម ជីវជាតិនៅក្នុងចំណីអាហារ បរិស្ថាននៅសាលា
ការមិនអនុវត្តន៏ខុសស្តង់ដារដូចជាសម្លុត និងវ៉ៃក្នុងការប្រៀនប្រដៅ
កូននៅផ្ទះ (ខ្លាចក្មេងចម្លងហិង្សា ខ្លាចក្មេងយល់ថាការប្រើអំពើ
ហិង្សាជារឿងធម្មតា ខ្លាចប្រជាពលរដ្ឋយល់ថាអំពើហិង្សាជាយន្តការ
ដោះស្រាយបញ្ហា ជារឿងធម្មតា ។ ហេតុនេះគេត្រូវការច្បាប់រឹងម៉ាំ
ច្បាប់មានបទដ្ឋាន សមភាពចំពោះមុខច្បាប់ ច្បាប់តឹងរ៉ឹង!) ។ល។

បន្ថែមលើនេះមានប្រព័ន្ធសុវត្ថិភាពសង្គម កម្មវិធី និងមជ្ឈមណ្ឌលស្តារ
កាយសម្បទា ការងារសហគមន៏ កម្មវិធី និងមជ្ឈមណ្ឌលគ្រប់គ្រងកំហឹង
សេវារប្រឹក្សាចិត្តសាស្រ្ត ការជួបប្រជុំ អាណាព្យាបាល-កូនសិស្ស-
សាលា ។ល។ ជារួមមានបទដ្ឋាន មានសេចក្តីណែនាំច្បាស់លាស់
ការអនុវត្តន៏ច្បាប់តឹងរ៉ឹង តែប្រជាពលរដ្ឋមិនរស់នៅតែតាមយថាកម្ម
មិនប្រឈមនឹងហានិភ័យខ្ពស់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ!

ផ្ទុយទៅវិញ វាដូចជាជីវិតនៅក្នុងប្រទេសកំពុងអភិវឌ្ឃន៏ប្រឈមនឹង ហានិភ័យខ្ពស់
និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ ចំណុចមួយដែលអាចពន្យល់គឺមិនមានបទដ្ឋាន មិនមាន
សេចក្តីណែនាំលម្អិត មិនមានប្លង់មេ មិនមានយន្តការ និងប្រព័ន្ធ
តាមដាន និងត្រួតពិនិត្យសុច្ចរិតភាព គុណភាព និងប្រសិទ្ធិភាព ។
វាដូចជាប្រជាជនរស់តាមយថាកម្ម ឧទារ.ក)ការធ្វើស្រែប្រវាស់មេឃ
នៅពេលគេអាចធ្វើនយោបាយទឹក ការសាងសង់ទំនប់ ប្រឡាយ
ខ) ការធ្វើការជាកម្មករសំណង់ដោយគ្មានឧបករណ៏ការពារដូចជា
ស្រាមដៃ មួកសុវត្ថិភាពសម្រាប់សំណង់ ស្បែកជើងកវែង វ៉ែនតា
គ) ការធ្វើចរាចរណ៏ដោយមិនពាក់មួកសុវត្ថិភាព ឃ) ការផ្សាយពាណិជ្ជ
កម្មគ្រឿងស្រវឹង ការមិនទាន់មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង បារី និង
ក្លឹប ភាពចន្លោះប្រហោងនៃការចេញបណ្ណបើកបរ និងការអនុវត្តន៏ច្បាប់
ចរាចរណ៏ (តើអ្នកណាអាចពន្យល់បកស្រាយពីវត្តមានការផ្សាយពា
ណិជ្ជកម្ម ហាងផឹកស៊ី និងក្លឹបនៅពេលសង្គមមួយមានយុវវ័យក្នុង
ភាគរយខ្ពស់ និងគ្រោះថ្នាក់ចរាចរណ៏សម្លាប់មនុស្សជាមធ្យម០៦នាក់
ក្នុងមួយថ្ងៃដោយមិនរាប់អ្នករបួសស្រាល និងធ្ងន់ដែលជាបន្ទុកដល់គ្រួសារ
សេដ្ឋកិច្ច កម្លាំងការងារ និងសង្គមជាតិ?????) ។ល។

វាដូចជាគេអាចនិយាយពាក្យផ្អែម ពាក្យលួង តែវាហាក់ដូចជាពួកគេ
មានគំនិតតិចតួច ឬសឹងមិនមានថាតើត្រូវធ្វើអ្វី និងធ្វើយ៉ាងដូចម្តេច
ដើម្បីឲ្យលេចចេញជារូបរាងនូវ "ជិវិតដែលល្អឥតខ្ចោះសម្រាប់សង្គម
ជាតិនៅក្នុងភាគរយខ្ពស់មួយបាន ។" វាដូចជាប្រទេសក្នុងពិភពជឿន
លឿនដែលប្រកាន់ទស្សន:ថាជីវិតនឹងមិនល្អឥតខ្ចោះ ដូច្នេះមាន
ប្រព័ន្ធតម្រែតម្រង់ គាំពារ និងលើកទឹកចិត្ត និងពិតជាមិនអាចមើល
រម្លងបានគឺ "មានបទដ្ឋាន មានសេចក្តីណែនាំលម្អិត មានប្រព័ន្ធ
តាមដាន និងត្រួតពិនិត្យ" បន្ថែមលើការបើកចំហរតាមប្រព័ន្ធផ្សព្វ
ផ្សាយ យន្តការតម្លាភាព សុច្ចរិតភាព វិជ្ជាជីវ: និងទំណួលខុសត្រូវ
ខ្ពស់ ។ គេអាចឆ្លើយយ៉ាងងាយស្រួល និងប្រកបដោយការទទួល
ខុសត្រូវលើសំណួរ ក)តើទៅណា? ខ) ធ្វើអ្វី? គ) ធ្វើយ៉ាងដូចម្តេច?
ប្លង់មេសម្រាប់១០ទៅ១៥ឆ្នាំខាងមុខ ឬទស្សន:វិស័យអ្វី? ធ្វើយ៉ាង
ដូចម្តេច? ប្រសិទ្ធិភាព? ទំណួលខុសត្រូវ?

វាដូចជានៅពេលមិនមានស្តង់ដារ មិនមានប្លង់មេ មិនមានសេចក្តី
ណែនាំលម្អិត គុណភាព ប្រសិទ្ធិភាព និងទំណួលខុសត្រូវគឺពិបាក
បកស្រាយ និងតាមដាន ។ ហើយបើគេសិក្សាពីវដ្តវិលជុំនៃបញ្ហា
នៃឬសគល់បញ្ហាគឺច្រើនតែឃើញបញ្ហាដដែលៗ ហើយបញ្ហាកាន់
តែយ៉ាប់ដូចជាជម្លោះហែកហួរ អំពើហិង្សា រហូតដល់សង្គ្រាម
ស៊ីវិល និងអំពើប្រល័យពូជសាសន៏ ។ វាបង្ហាញយ៉ាងច្បាស់ថា
ការសន្ទនាដោយបើកចំហរ ដោយទំណួលខុសត្រូវខ្ពស់ និងយន្តការ
ចូលរួម និងតាមដាន និងគ្រប់គ្រងគុណភាព ប្រសិទ្ធិភាពមិនមាន
តម្លៃថ្លៃដូចចំណាយទិញគ្រឿងអាវុធ និងរហូតដល់ការបំផ្លិចបំផ្លាញ
ដោយការវ៉ាយប្រយុទ្ធគ្នា និងមិនចំណាយអាយុជីវិតប្រជាជនទេ ។
វាប្រកដណាស់ធនធានមនុស្ស (សង់ស្ពាន សង់MRT សង់Sky Train
គុណភាពសេវាសុខភាពល្អប្រសើរ ហ្វឹកហ្វឺនធនធានមនុស្សបន្ថែមមិន
ចាំបាច់អ្នកណាចុះមកពីលើមេឃទេ តែត្រូវការធនធានមនុស្ស និងរូបមន្ត!)
ចំណេះដឹងបច្ចេកវិទ្យា សុច្ចរិតភាព និងទំណួលខុសត្រូវខ្ពស់អាចធ្វើឲ្យសម្រេចបាននូវស្តង់ដារ
នូវគុណភាព និងប្រសិទ្ធិភាពការងារបាន ។

ហើយប្រាកដណាស់ គេត្រូវការច្បាប់រឹងម៉ាំ ច្បាប់មានបទដ្ឋាន សមភាពចំពោះមុខច្បាប់
ច្បាប់តឹងរ៉ឹងដើម្បីឲ្យប្រជាជាតិមួយកាន់តែរឹងម៉ាំ!

No comments: