Monday, December 29, 2014

គុណវិបត្តិនៃរបៀបធ្វើការបុគ្កលនិយម និងបក្សពួកនិយម

គុណវិបត្តិនៃរបៀបធ្វើការបុគ្កលនិយម និងបក្សពួកនិយម

ហេតុអ្វីរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមជារបៀបធ្វើការមិនទាន់
សម័យ និងមិនមានប្រសិទ្ធិភាព? ពីព្រោះដូចលេងបាល់ទះ លេងបាល់ទាត់
ដែលចាំតែគ្រូបង្វឹកប្រាប់អញ្ចឹង ។ គ្មានភាពម្ចាស់ការ មិនមានជំនឿចិត្តពី
តួនាទី និងទំណួលខុសត្រូវ មិនអាចបែងចែកទំណួលខុសត្រូវដាច់ដោយឡែក
និងទំណួលខុសត្រូវរួម ឬការលេងមានលក្ខណ:ជាក្រុមទេ ។ មិនមែនថាគ្រូបង្វឹកមិន
ល្អ ម្នាក់នេះ ម្នាក់នោះមិនសំខាន់ទេ តែកីឡាករម្នាក់ៗត្រូវមានសមត្ថភាព និងទេពកោ
សល្យ មានទំណួលខុសត្រូវគឺពូកែ និងប៉ិនប្រសប់ទាំងអស់គ្នាគឺភាពខ្លាំងពង្រឹងភាព
ខ្លាំង ហើយបើចន្លោះប្រហោងមិនប៉ះប៉ូវនឹងទាញក្រុមឲ្យទន់ខ្សោយទាំងអស់គ្នា ។
ឧទាហរណ៏ងាយយល់បើការសម្រេចចិត្តស្ថិតលើបុគ្គលម្នាក់ សួរតើមានដៃ និងអាចជ្រៀក
ខ្លួនបានប៉ុន្មានដើម្បីគិតលើគ្រប់រឿងឲ្យល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ? ហើយតើមាន
ពេលវេលា មានកម្លាំងតាមដានប្រសិទ្ធិភាព និងទំណួលខុសត្រូវការងាររបៀបម៉េច?
តែបើច្បាស់លាស់ ត្រូវតែអាចបើកចំហរ ពន្យល់បង្ហាញ និងមានយន្តការចូលរួម តាម
ដាន និងផ្ទៀងផ្ទាត់ ។

គុណវិបត្តិរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមអាចឈានដល់របៀបធ្វើការ
ស៊ុមគ្រលំជួយបិទបាំងទង្វើមិនត្រឹមត្រូវ ឬពាក្យទាន់សម័យថាអំពើពុករលួយ ។ បើ
សុទ្ធតែគ្នាឯង តើទៅចាប់ទោសអូសដំណើររបៀបម៉េច? ហើយតើអាចបញ្ជាក់ពីការ
ជៀសវាងពីទំនាស់ផលប្រយោជន៍ ការរំលោភអំណាច និងអំពើពុករលួយដោយស៊ុម
គ្រលំយ៉ាងម៉េចបើឧទាហរណ៍ឪពុកយល់ព្រមលើគម្រោង កូន ឬកូនប្រសារប្រុស
អ្នកអនុវត្តន៍គម្រោង ហើយកូនស្រី ឬកូនប្រសារស្រីជាអ្នកសវនករ (Auditor)?
ហើយតើអាចធានាពីតម្លាភាព សុចរិតភាព គណនេយ្យភាព និងវិជ្ជាជីវ:យ៉ាងដូចម្តេច?
មិនមានស្តង់ដារ មិនមានសេចក្តីណែនាំលម្អិតគឺធ្វើឲ្យបញ្ហាកាន់តែអាក្រក់គឺអាចជារបៀប
ធ្វើការតាមមាត់ តាមអ្នកណាធំ តាមអំណាច ហើយបើអញ្ចឹងនោះគឺមិនបាច់និយាយពី
អភិបាលកិច្ចល្អអីទេ ។ ហើយបើអញ្ចឹងគឺខ្លាចណាស់ការបើកចំហរ ខ្លាចការពន្យល់បក
ស្រាយ និងការសួរដេញដោលរកការទទួលខុសត្រូវ ។

ហើយគុណវិបត្តិរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមមួយទៀតគឺសម្លាប់គំនិត
សម្លាប់ការចូលរួម និងមិនសូវជាចូលចិត្តអ្នកសាច់ការ មានវិជ្ជាជីវ:អីប៉ុន្មានទេ គឺបើប្រើ
គ្រាន់ប្រើឲ្យតែមាន ។ របៀបធ្វើការបែបនេះចូលចិត្តយកមនុស្សមកប្រើ ដោយមិនចូល
ចិត្តយកមនុស្សមកធ្វើការទេ ។ ដល់ទៅបុគ្គលនិយម បក្សពួកនិយមពេកទៅលែងទុក
ចិត្តអ្នកណាហើយក្រៅពីក្រុមគ្រួសារ និងអ្នកនៅក្នុងចង្កោមក្រុមគ្រួសារខ្លួនឯង ។ ពេល
ខ្លះអ្នកមានវិជ្ជាជីវ: បើនៅប្រើបានចេះតែប្រើសិន តែបើមិនអញ្ចឹងគ្រាន់តែជាក្របីចម្លង
ភក់ទេ ។ បើនិយាយថារបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមទុកចិត្តអ្នកក្រៅនោះ
ដាំចេកទៅ ។ ហើយគុណវិបត្តិធំមួយទៀតគឺភាពស្រពិចស្រពិលនៃការធានាផលប្រយោជន៏
រួម ផលប្រយោជន៍វែងឆ្ងាយ ។ ធានាម៉េចបើរកការពន្យល់បង្ហាញ រកគុណភាព រកប្រសិទ្ធិ
ភាព និងរកការទទួលខុសត្រូវមិនឃើញផង! ត្រូវតែធានាទំណួលខុសត្រូវដាច់ដោយឡែក
នៃតួនាទីកាតព្វកិច្ច និងទំណួលខុសត្រូវរួម អញ្ចឹងបានអាចរករកការពន្យល់បង្ហាញ រកគុណភាព
រកប្រសិទ្ធិភាព និងរកការទទួលខុសត្រូវឃើញ!

ហើយរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមដោយសាតែទុកចិត្តតែគ្នាឯងពេក
អាចឈានទៅដល់អំពើអយុត្តិធម៌គឺលើកតម្កើងតែគ្នាឯង ក្រុមគ្រួសារខ្លួនឯង អ្នកនៅក្នុង
ចង្កោមគ្នាឯង ដល់អញ្ចឹងអាចស្អប់ មិនសូវជាចូលចិត្តគំនិតថ្មីៗ ការសួរដេញដោល ការ
ចូលរួមដែលប៉ះពាល់ដល់ផលប្រយោជន៍ខ្លួនឯងទេ ។ អាចឈានដល់ការគៀបសង្កត់
ធ្វើបាប សម្លាប់ជីវិតមនុស្សគ្រប់បែបយ៉ាង ហើយអាចបង្កជាវដ្តវិលជុំនៃអំពើអយុត្តធម៌
អំពើគៀបសង្កត់ រំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង ។ អាចឈានដល់វដ្តវិលជុំយ៉ាងម៉េច?
អ្នកដែលត្រូវគេគៀបសង្កត់ អ្នកដែលត្រូវគេរំលោភសិទ្ធិមនុស្សដូចជាស៊ាំនឹងរឿងអញ្ចឹង
ទៅជាមានផ្នត់គំនិតសងសឹក ហើយទៅជាគិតថាទម្រាំអញបានឈានមកដល់កន្លែងហ្នឹង
គេគៀបសង្កត់អញ្ចឹង ហើយធ្វើអញ្ចឹងមើលទៅវាហំហួន វាខ្លាំងក្លាជាងគេ (ច្រើនតែប្រើ
កម្លាំងបាយ និងហិង្សា) ដល់អញ្ចឹងក៏បន្តវដ្តវិលជុំនៃអំពើអយុត្តធម៌ អំពើគៀបសង្កត់ រំលោភសិទ្ធិ
មនុស្សអីអញ្ចឹងទៅ ។ ពាក្យខ្មែរខ្វះអីទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រ
ម៉ោចស៊ីត្រី និងវប្បធម៌ក្តិចត្រួយ ប៉ែងជើងអុជអាល ឈ្លោះកាប់ចាក់គ្នានោះ! ដល់
អញ្ចឹងអ្នកអាចក្រឡេកមើលពីសារ:សំខាន់នៃវប្បធម៌សន្ទនាដោយបើកចំហរ ដោយ
ការទទួលខុសត្រូវ វប្បធម៌ទទួលខុសត្រូវចំពោះមុខមហាជនទាំងពេលបច្ចុប្បន្ន និងអនាគត និងទម្លាប់អានការទទួលបានពត៌មានគ្រប់គ្រាន់ និងការចូលរួមតាមដាន និងផ្ទៀងផ្ទាត់ ។

ភ្ជាប់ជាមួយរឿងនេះមិនមែនប្រទេសចិនចេះតែនឹកឃើញពីការបោសសំអាតអំពើពុករលួយ
និងការចាប់ទោសពិន័យមន្រ្តីពុករលួយដែលមានស្រីកំណាន់អីជាដើម នោះគឺដើម្បី
យុត្តិធម៌សង្គម ។ អ្នកគិតមើលតើចំនួនប្រជាជនចិនមានប៉ុន្មានពាន់លានអ្នក? តើវាប៉ះពាល់
ដល់ស្ថេរភាពសង្គមយ៉ាងដូចម្តេចបើប្រជាជនមានការខកចិត្ត មានអារម្មណ៍ពីអំពើអយុត្តិធម៌
សង្គមនោះ?
ហើយមិនមែនសហរដ្ឋអាមេរិកត្រូវតែបើកចំហរ ត្រូវតែពន្យល់បង្ហាញ ត្រូវតែមាន
ទំណួលខុសត្រូវខ្ពស់ចំពោះមុខមហាជន និងសង្គមជាតិគេដែរ គឺគេធ្វើដើម្បីប្រជា
ពលរដ្ឋប៉ុន្មានរយលានអ្នករបស់គេ ថាគេមានភាពស្មោះត្រង់ ថាគេធ្វើការងារកាតព្វកិច្ច
គេធ្វើដោយហ្មត់ចត់ ដោយមានប្រសិទ្ធិភាព និងទំណួលខុសត្រូវខ្ពស់!

អាចពិចារណាបន្ថែមពី:
បើកចំហរ និងមានការចូលរួម និងតាមដាន:
១) នៅពេលច្បាស់លាស់ ខ្លាំង (មានន័យថាបម្រើ និងធ្វើការសម្រាប់ប្រយោជន៍រួមកាន់តែប្រសើរ កាន់តែមាន
ប្រសិទ្ធិភាព និងទំណួលខុសត្រូវខ្ពស់!) ថាបានគិតគូរថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ។


២) នៅពេលមិនច្បាស់លាស់ ត្រូវការទិន្ន័យបន្ថែម ត្រូវការពហុមតិយោបល់ដើម្បីឲ្យបានដំណោះស្រាយល្អិតល្អន់
ដំណោះស្រាយមានតុល្យភាព ។


៣) នៅពេលគម្រោងអភិវឌ្ឃន៏ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិសម្រាប់ផលប្រយោជន៏ប្រជាពលរដ្ឋមូលដ្ឋាន និង
សាធារណ:ជនទូទៅតាមរយ:ការកៀរគរថវិការពី i.ប្រាក់ពន្ធប្រជាពេលរដ្ឋ ii.ប្រាក់កម្ចី និងប្រាក់ជំនួយពីបរទេសក្នុងនាមសង្គមជាតិទាំងមូល ។ អាចផ្សព្វផ្សាយនៅក្នុងវេទិកាសាធារណ: និងតាមរយ:វិបសាយផ្លូវការ ផេកលើFacebook ឬYoutube ។)

តើអ្នកយល់យ៉ាងណាដែរ?

No comments: