Tuesday, September 24, 2013

ក្រឡាអុកពិភពលោក


ក្រឡាអុកពិភពលោក

វិភាគលេងៗ បើយើងលេងអុកជាមួយចិន ឬអាមេរិកគិតថាគេតអ្វីអោយ? នេះបើគិតថាយើងជាប្រទេសតូច មិនមានហើយខ្វះអ្នកឯកទេស សេដ្ឋកិច្ច និងយោធាក៏ខ្សោយ អញ្ចឹងលេងត្រឹមត្រូវចិន ឬអាមេរិកអាចតសេះដាច់ ឬទូកដាច់ឯណោះ ។ អញ្ចឹងមានន័យថាម៉េចត្រូវតែគាំទ្រម្ខាងលេងតទល់នឹងម្ខាង ? កុំឲ្យសោះ និងមិនត្រូវធ្វើអញ្ចឹងដាច់ខាត ។ បើលេងគាំទ្រម្ខាងៗ កូនអុកស្មើមិនលើសគ្រាប់ត្រីទេនៅក្នុងក្រឡាអុកចិន និងអាមេរិកលេងនោះ ។ អញ្ចឹងគួរចាក់ភ្នាល់ ឬមិនភ្នាល់នៅក្នុងក្រឡាអុកប្រទាញប្រទង់រវាងអាមេរិក និងចិននោះ ? មិនគួរធ្វើជាអ្នកលេងភ្នាល់ ហើយក៏មិនចាំបាច់គាំទ្រម្ខាងលេងចង់ចាញ់ឈ្នះនឹងម្ខាងទៀតដែរ ។ គឺមិនលេងភ្នាល់ ហើយក៏មិនកាន់ជើងខុសច្បាប់ដែលអាចនាំទុក្ខទោសច្រើនជាងផលល្អ ។

គេថាគាំទ្រ ឬមិនគាំទ្រ ភ្នាល់ ឬមិនភ្នាល់គឺយើងកំពុងតែនៅក្នុងក្រឡាក្តារអុករួចស្រេចទៅហើយ ។ តែអាចគិតអញ្ចេះ បើលេងត្រូវតែឈ្នះ ត្រូវតែបានផលប្រយោជន៏រួម ផលប្រយោជន៏ទាំងអស់គ្នា និងមិនត្រូវនាំទុក្ខទោស ផលលំបាក ឬជាប់ចំណងដែលត្រូវតែដើរដូចគ្រាប់ត្រីទេ ។ មានន័យថាម៉េច? ថាសុំនៅក្រៅសង្វៀនមិនឲ្យនៅក្នុងក្រឡាអុកហ្នឹងតែម្តងគឺសុំអោបក្រសោបទាំងពីរព្រោះត្រូវការទាំងសងខាងសម្រាប់ជំនួយជាបច្ចេកទេស និងជំនួយជាថវិការ ។ សុំនៅជាអ្នកឈរមើលមិនកាន់ជើងខាងណាទាំងអស់ តែត្រឹមត្រូវតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ មានប្រយោជន៏សម្រាប់ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ត និងពង្រឹងសមត្ថភាពឯកទេស ធ្វើឲ្យប្រសើរសេវេសាធារណ: និងសេវាសង្គមកិច្ចគឺសូមស្វាគមន៏ ។ បើពិនិត្យមើលក្រឡានេះជប៉ុនក្រោយពីសង្រ្គាមលោកលើកទីពីរក៏ប្រើក្រឡានេះដែរ ។ ជប៉ុនគិតតែប្រឹងប្រែងកសាងប្រទេសឡើងវិញ ហើយបញ្ញាវ័ន្តអ្នកឯកទេសក៏បានបញ្ជូនទៅសិក្សានៅសហរដ្ឋអាមេរិកជាច្រើន ។ មិនដល់៥០ឆ្នាំក្រោយសង្រ្គាមលោកលើកទី២ ជប៉ុនបានក្លាយជាប្រទេសរីកចម្រើនដែលមានសេដ្ឋកិច្ចឈរលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក (ឥឡូវទីបីបន្ទាប់ពីចិន) ។ ដូចគ្នានេះគឺយើងអាចសុំនៅក្រៅឈរមើល ហើយបើត្រឹមត្រូវ មានប្រយោជន៏យើងយក ។ ក្នុងន័យនេះយើងគ្រាន់តែបើកចិត្តទូលាយប្រឹងប្រែងដោយខ្លួនឯងដោយមានជំនួយមិនត្រឹមតែពីសហរដ្ឋអាមេរិក ចិន តែសហគមអឺរ៉ុប បារាំង អង់គ្លេស ឥណ្ឌាគឺបណ្តាប្រទេសទាំងអស់ ។ គ្រាន់តែបើកចិត្តទូលាយរៀន ប្រឹងប្រែងធ្វើអ្វីដែលត្រឹមត្រូវដែលនាំមកនូវប្រយោជន៏រួមសម្រាប់ការអភិវឌ្ឃន៏ ។ តើចាំបាច់ត្រូវរឹងត្អឹង មាន:ធ្វើអ្វី? ឧទាហរណ៏សាមញ្ញពីការបើកចិត្តទូលាយគឺពីមុនគេថាចង់ដាំបន្លែទាល់តែមានវាលដី ។ ឥឡូវបច្ចេកទេសទំនើបគេអាចដាំបន្លែដោយត្រូវការតែដីក្នុងផើង ឬគេអាចដាំក្នុងទឹកបានទៅហើយ ។ ឧទាហរណ៏មួយទៀតរឿងកូនសិស្សប្រឡងបើកចាក់មិនស្តែងឲ្យឃើញ សមត្ថភាពកូនសិស្សក៏ដូចជាគុណភាពអប់រំអញ្ចឹងគឺបើនិយាយតាមភាសាការទូតថាឲ្យតែមានឆន្ទះគឺអាចដោះស្រាយបាន ។ បើនិយាយតាមបច្ចេកទេសគឺបញ្ជ្រាប អប់រំ ផ្តល់ឪកាសតែដាក់វិន័យតាមច្បាប់នៅទីបំផុត ។ ត្រឹមរយះពេលបីឆ្នាំ ជឿថាការរៀនសូត្រ និងការប្រឡងនឹងអាចលុបបំបាត់ការបើកចម្លងមិនខាន ហើយពេលនោះកូនសិស្សនឹងមានសមត្ថភាព ហើយការអប់រំនឹងធ្វើដំណើរទៅរកគុណភាព ។ ដូច្នេះតើចាំបាច់រឹងត្អឹង ចាំបាច់មាន:មានប្រយោជន៏អ្វី? សំខាន់គឺត្រឹមត្រូវ គោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងមានប្រយោជន៏រួម ។ ហើយចំពោះបច្ចេកទេសគឺសម័យនេះអាចរកបានពត៌មានពីច្រើនប្រភពមិនដូចសម័យមិនទាន់មានកុំព្យូទ័រ ឬអិនធើណែតទេ ។ អាចយកមកពីប្រភពច្រើន ផ្ទៀងផ្ទាត់ វិភាគ សួរគេឬសុំឲ្យគេជួយត្រង់ៗតែម្តង ។


អាចអានបន្ថែម :

- please see my practical cycle from cradle to grave for "quality life and life of choice."
- តើចិន ឬអាមេរិក ?
- របៀបស្លសម្លសម្រាប់ទាំងអ្នកចូលចិត្តសាប ចូលចិត្តប្រៃ ចូលចិត្តផ្អែម និងហឹរ
- អំណាចនៃសេចក្តីស្រលាញ់ និងទសពិធរាជធម៌
- សមត្ថភាព និងគុណភាពនៃការអប់រំ
- ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស

ជាការសិក្សាមួយជ្រុងតូច។ សូមជួយណែនាំ ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។

No comments: