Thursday, November 27, 2014

អ្នកខ្លាំង

ដឹងមានអ្នកខ្លះឈាមក្តៅ ឈាមឆេះឆួលដូចទឹកពុះ ហើយក៏មានអ្នកខ្លះមានគំនិតថា "អ្នកខ្លាំង" ទាល់តែផ្តួលគូរប្រកួត ទាល់តែឈ្នះអ្នកប្រជែងទាំងអស់ ។ អាចថានេះជាស្មារតីមួយ ជាស្មារតីអ្នកកីឡាដែលត្រូវតែហ្វឹកហាត់ ប្រឹងប្រែង និងដឹងពីគូរប្រកួត ។ តែកិច្ចការជាតិមិនអញ្ចឹងទេ មិនដូចកីឡាមិនដូចអុកខ្មែរដែលចាញ់ហើយអាចរៀបលេងឡើងវិញទេ ។ ត្រូវគិតប្រយោជន៍រួម ប្រយោជន៍ជាតិ និងចីរភាពនៃផលប្រយោជន៍ ។ សួរថាតើទៅណា? ធ្វើអ្វី? ធ្វើយ៉ាងដូចម្តេច? តើ "ប៉ុន្មានភាគរយ" ទទួលបានផលប្រយោជន៍? ។ល។

តែបើអ្នកខ្លះមានះ និងនៅតែគិតថាទេដល់បានដូចខាងលើបានហៅថា "អ្នកខ្លាំង" ។ អញ្ចឹងក៏អញ្ចឹងចោះ តែសូមឲ្យស៊ីវិល័យ និងអហិង្សា ។ សូមឲ្យបើកចំហរពន្យល់បង្ហាញ និងចែករម្លែក និងលើកបង្ហាញ និងរំលេចឲ្យឃើញថា តើបានប្រយោជន៍រួម ប្រយោជន៍វែងឆ្ងាយយ៉ាងដូចម្តេច? ម្យ៉ាងខ្លាំង មានការគិតគូរ
ថ្លឹងថ្លែង បានប្រឹក្សាពត៌មាន យោបល់គ្រប់ជ្រុងជ្រោយ ហើយម៉្យាងទៀតតួនាទីកាតព្វកិច្ចគឺធ្វើការបម្រើ
ធានា ការពារ និងជម្រុញផលចំណេញ ផលវិជ្ជមានឲ្យដល់សង្គមជាតិជាអតិបរមា ឬថាដោះស្រាយបញ្ហានិងគ្រប់គ្រងផលប៉ះពាល់ឲ្យនៅជាអប្បរមា ។

វាមានសារ:បើក្រឡេកមើលមេរៀនប្រវត្តិសាស្រ្តពីអតីតកាលត្រួសៗ ។ ការប្រកួតប្រជែងរវាងបុគ្គល ការលើកតម្កើងបុគ្គលនិយម និងប្រជែងភាពខ្លាំងដោយ "មិនឆ្លើយតប និងបម្រើប្រយោជន៍រួម ផលប្រយោជន៍សង្គមជាតិទេនោះ" អាចនាំដល់ការបែកបាក់សាមគ្គី វប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី អំពើហិង្សា សង្រ្គាមស៊ីវិល ។ល។ និយាយឲ្យស្រួលយល់គឺឈ្លោះគ្នាមិនដែលចំណេញ អញ្ចឹងសូម
ឲ្យអង្គុយជជែកពិភាក្សា ឈ្លោះគ្នាដោយបើកចំហរដើម្បីឲ្យដឹងថា តើបានប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយយ៉ាងដូចម្តេច?

ទន្ទឹមហ្នឹងនេះដែរ បើជាអ្នកខ្លាំង ចេះច្បាស់ គិតគូរថ្លឹងថ្លែងសព្វគ្រប់ជ្រុងជ្រោយ ត្រូវតែអាចបើកចំហរពន្យល់បកស្រាយ និងផ្តល់លំហរ និងយន្តការចូលរួមតាមដាន ។

ភ្ជាប់ជាមួយគ្នានេះ ឧទាហរណ៏មួយផ្នែកតូចទាក់ទងគម្រោងអភិវឌ្ឃន៍មូលដ្ឋានដូចជាផ្លូវថ្នល់ ដោយសាឈរលើមូលដ្ឋានគ្រឹះចម្បងៗដូចជា: ក)ការអភិវឌ្ឃន៍គឺសម្រាប់ប្រជាជនមូលដ្ឋាន និងសាធារណជន ខ)ថវិការបានពីការកៀរគរពីប្រាក់បង់ពន្ធរបស់ប្រជាពលរដ្ឋ និង គ)ថវិការបានពីប្រាក់កម្ចី និងប្រាក់ជំនួយពីបរទេសក្នុងនាមសង្គមជាតិទាំងមូល ។ ដូច្នេះមិនមែនជាបញ្ហាអ្វីទេសម្រាប់ការបើកចំហរ ការផ្សព្វផ្សាយ និងមាន
យន្តការចូលរួម និងតាមដាន ។

ជាសរុបទៅនៅក្នុងកិច្ចការជាតិ "អ្នកខ្លាំង" មានន័យថាបានគិតគូរ បានថ្លឹងថ្លែងល្អិតល្អន់ មានដំណោះស្រាយមានតុល្យភាព យល់ច្បាស់ ចេះច្បាស់ ធ្វើច្បាស់ បម្រើ និងការពារផលប្រយោជន៍រួមកាន់តែប្រសើរ កាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទំណួលខុសត្រូវខ្ពស់ ។ ដូច្នេះត្រូវតែបើកចំហរឲ្យមានការចូលរួម និងតាមដាន ។

សូមជួយណែនាំ ។ សូមអរគុណ ។

(តើអ្នកចង់សរសើរ ចង់គាំទ្រ និង/ឬចង់ឃើញការប្រឡងប្រណាំងការគិត និងធ្វើ
ឲ្យកាន់តែល្អ កាន់តែត្រឹមត្រូវ កាន់តែមានប្រសិទ្ធិភាព ស្តង់ដារកាន់តែខ្ពស់
និងទំណួលខុសត្រូវកាន់តែខ្ពស់?

ឬអ្នកចង់ឃើញការប្រកួតប្រជែងធ្វើរឿងអាក្រក់ ធ្វើរឿងមិនត្រឹមត្រូវ រឿងមិនជា
គម្រូល្អ និងឧទាហរណ៏អវិជ្ជមាន?


អ្នកមានជម្រើស មានទំណួលខុសត្រូវ និងមានចំណែកនៅក្នុងទិដ្ឋភាព និងផ្លូវពីរ
ផ្ទុយគ្នានេះ ។ សូមចូលរួមចំណែកវិជ្ជមាន កាត់បន្ថយចំណែកអវិជ្ជមាន និងធ្វើជាផ្នែកនៃដំណោះស្រាយ ។

ការបើកចំហរ ការអង្គុយជជែកពិភាក្សាដោយទំណួលខុសត្រូវ និងស៊ីវិល័យ
និងយន្តការចូលរួម និងតាមដានបម្រើផលប្រយោជន៏ទាំងអស់គ្នា និងជា
រឿងត្រឹមត្រូវដែលត្រូវធ្វើ ។)

No comments: