Tuesday, December 10, 2013

ច្បាប់អហិង្សាសម្រាប់ការអប់រំដូចជានៅផ្ទះ ឬនៅតាមសាលារៀន

សូមទោស សូមសួរថាតើនៅស្រុកយើងមានច្បាប់អហិង្សាសម្រាប់ការអប់រំដូចជានៅផ្ទះ ឬនៅតាមសាលារៀនឬនៅ ?

ជាមតិផ្ទាល់ខ្លួន ខ្ញុំគិតថាច្បាប់អហឹង្សានេះសំខាន់ណាស់សម្រាប់ទាំងបច្ចុប្បន្ន និងអនាគត ។ ច្បាប់អហិង្សានេះសំដៅដល់ការហាមឃាត់ដាច់ខាតការធ្វើទារុណកម្មដោយការវ៉ៃ ឬធ្វើឲ្យប៉ះពារដល់រាងកាយ ឬសតិអារម្មណ៏ផ្លូវចិត្តក្នុងន័យជាការដាក់ទារុណកម្ម ។ ច្បាប់នេះមានប្រយោជន៏ខ្លាំងណាស់សំរាប់តម្រង់ចិត្ត គំនិត និងការអនុវត្តន៏ក្នុងសកម្មភាពជីវភាពប្រចាំថ្ងៃដោយអហិង្សា ដោយសន្តិវិធី និងជៀសវាងវដ្តប្រព្រឹត្តទៅក្នុងផ្លូវហិង្សាដែលបន្តពីមួយជំនាន់ទៅមួយជំនាន់មនុស្ស ។ ច្បាប់នេះនឹងជាកម្លាំងចលករជាក់ស្តែង ក៏ដូចជាយន្តការសង្គមដ៏មានប្រសិទ្ធភាពក្នុងការជំរុញវប្បធម៌សន្តិភាពនិយម វប្បធម៌មិនប្រើកម្លាំងបាយ
វប្បធម៌ជជែកគ្នាដោយសន្តិវិធីក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហា និងវប្បធម៌ ទទួលខុសត្រូវទាំងពេលបច្ចុប្បន្នក៏ដូចជាអនាគត ។

ច្បាប់អហិង្សានេះអាចផ្តួចផ្តើមទៅបាន និងមានប្រសិទ្ធភាពខ្ពស់បើពិនិត្យលើគោលការណ៏សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ព្រឹត្តការណ៏ប្រវត្តិសាស្រ្តនៃរបបប៉ុលពតដែលពោពេញដោយអំពើហិង្សា ការរំលោភបំពាន និងការជាន់ឈ្លីតម្លៃជាមនុស្សផងគ្នា និងទិដ្ឋភាពសង្គមជាក់ស្តែងដែលក្នុងគ្រួសារខ្លះការអប់រំគឺមានទំនោរទៅរកអំពើហិង្សាទាំងរាងកាយ និងផ្លូវចិត្តដូចជាវ៉ៃ សម្លុត គម្រាម ឬគំហកខ្ឡាំងៗ និងដូចជាយុវវ័យខ្លះដេញកាប់ដេញបាញ់គ្នាប្រសាចពេញផ្លូវ ឬកាប់ចាក់គ្នាក្នុងពេលរាំធុងបាសម្តងៗ ។ ជាតថភាពមូលហេតុរឹសគល់នៃហឹង្សានឹងបង្កើតវប្បធម៌ហិង្សា ហើយវដ្តប្រព្រឹត្តទៅនឹងជៀសពុំរួចពីហិង្សា ។ ជាអ្នកជឿ និងប្រតិបត្តិព្រះពុទ្ធសាសានាដែលយកហេតុនិងផលជាមូលដ្ឋាន ដែលយកធម៌អហិង្សាជាសំខាន់ (ពៀររម្ងាប់ដោយការមិនចងពៀរ) និងព្រឹត្តការណ៏ប្រវត្តិសាស្រ្តនៃសម័យប៉ុលពតដែលជាអំពើប្រល័យពូជសាសន៏ជាតិឯង និងពិនិត្យលើទិដ្ឋភាពសង្គមចំពោះការអប់រំទាំងក្នុងសាលា ក៏ដូចជានៅតាមផ្ទះ វប្បធម៌អហិង្សានៅមានភាពផុយស្រួយនៅឡើយនៅក្នុងចិត្ត គំនិត និងការអនុវត្តន៏ក្នុងសកម្មភាពជីវភាពប្រចាំថ្ងៃនៃប្រជាពលរដ្ឋ ។

ក្នុងអំណះអំណាងដែលបានបង្ហាញ និងក្នុងទស្សន:វិស័យសម្រាប់ទៅអនាគត វត្តមានច្បាប់អហិង្សានិងជួយបណ្តុះ និងចាក់គ្រឹះដល់វប្បធម៌អហិង្សា ក៏ដូចជាសន្តិភាពនិយមឲ្យចាក់រឹស និងមានចេរកាល និងជាយន្តការណ៏រដ្ឋក្នុងការធានាការតម្រង់ចិត្ត គំនិត និងការអនុវត្តន៏ទាំងពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត ។

សូមអរគុណ ។ ជាការសង្កេត និងស្វែងយល់ក្នុងជ្រុងមួយ ។

No comments: