Tuesday, December 10, 2013

សមត្ថភាព​ និងគុណភាពនៃការអប់រំ

សមត្ថភាព និងគុណភាពនៃការអប់រំ

ការសិក្សា : ការប្រឹងប្រែង អាន ស្រាវជ្រាវ សមត្ថភាពផ្តោតអារម្មណ៏ ភាពអត់ធ្មត់ ការបែងចែកពេលវេលា និងមានកម្មវិធីតាមកាលវិភាគ និងការជំនះឧបសគ្គ ផ្នែកបច្ចេកទេស និងឧបសគ្គផ្ទាល់ខ្លួន (ភាពកក់ក្តៅ ការយកចិត្ត ទុកដាក់ ជម្លោះក្នុងគ្រួសារ ឬស្នេហាដែលអាចប៉ះពាល់សតិអារម្មណ៏ក្នុងការសិក្សា ។ល។) ក៏គួរជៀសវាងការសេពគប់មិត្តភ័ក្រ្តដែលបង្វិលពង្វក់ភ្លេចគិតពីការទទួលខុសត្រូវដោយខ្លួនឯង និងការប្រឹងប្រែងដោយខ្លួនឯង និងប្រភេទមិត្តភ័ក្រ្តដែលមិនអាចយកជាការ បានវែងឆ្ងាយដោយសាទស្សន:នៃការសិក្សារបស់គេគឺរៀនច្រើនចេះច្រើននាំតែឈឺក្បាលច្រើន រៀនបានស៊ី ឬរៀនបានការអ្វី ឃើញតែគេធ្វើការតោងខ្សែតោងទុយ៉ោអីជាដើម ។

ការបង្រៀន : បានយកចិត្តទុកដាក់គ្រប់ៗគ្នា ស្មើៗគ្នាឬទេ? ការលើកទឹកចិត្ត ការផ្តល់រង្វាន់ ឬការដាក់ពិន័យមានយុត្តិធម៌ មានតម្លាភាពទៅតាមសច្ចភាពនៃការប្រឹងប្រែង ឬលទ្ធផលកូនសិស្សទេ? តើការបង្រៀននៅក្នុងថ្នាក់គ្រប់គ្រាន់ល្មមអាច កូនសិស្សស្រាវជ្រាវបន្តដោយខ្លួនឯង ទេ? តើមេរៀន ការពន្យល់ និងឯងសារផ្តល់ឲ្យគ្រប់គ្រាន់ទេ? ជាការសង្កេតក្រៅ កូនសិស្សខ្លះមិនសូវយកចិត្តទុកដាក់រៀនក្នុងថ្នាក់ទេ ព្រោះអាងទៅរៀនគួរក្រៅម៉ោងឲ្យគ្រូឃើញមុខ ឬអាងសន្សំមេរៀន ឯកសារសំខាន់ៗ ចាំរៀនសរុបមុនពេលប្រឡងតែម្តង ។ បើយ៉ាប់ជាងហ្នឹងប្រមូលសន្សំទុកបើកចម្លងពេលប្រឡងតែម្តង ។ ទន្ទឹមនឹងនេះដែរការរៀនគួរក្រៅម៉ោងច្រើនពេកអាចរំខានដល់ម៉ោងសម្រាកខួរក្បាលរបស់សិស្សក៏ដូចជាមិនមាន ប្រសិទ្ធភាពអ្វីប៉ុន្មានដែរ ។  ហើយសំនួរអាចលើកឡើងថាតើរៀនគួរក្រៅម៉ោងចាំបាច់ទេបើសិនមេរៀនពន្យល់បាន
ក្បោះក្បាយ និងមានបន្ថែមឯកសារសម្រាប់ស្រាវជ្រាវដោយខ្លួនឯងហើយ ?

ការប្រឡង : ប្រកាន់គោលការណ៏ប្រឡងតាមសមត្ថភាព និងមិនអត់អោនចំពោះការចម្លង ឬលួចមើលឯងសារជាដាច់ខាត ។ នឹកឃើញប្រឡង TOEFL មួយថ្នាក់មាន អនុរក្សតែម្នាក់មិនចាំបាច់មានអ្នកដើរមើលខាងក្រៅផង តែការប្រឡងមានភាព ម៉ត់ចត់ដោយមិនអាចងាកផ្តេសផ្តាស មានសំណៅចម្លង ឬលបមើលគ្នាបានដាច់ខាត ។ គោលការណ៏ និងវិន័យ ត្រូវតែអនុវត្តិន៏ជាប្រព័ន្ធនិងដាច់ខាត ។ ដល់តែច្បាស់លាស់ អញ្ចឹងពិន្ទុចេញមកគឺស្តែងឃើញពីសមត្ថភាព និងគុណភាពច្បាស់តែម្តង ។  ជួនកាលប្រឡាំប្រកូវ គោលការណ៏មិនច្បាស់បកស្រាយតែតាមមាត់ម្នាក់ៗមិនល្អទេ ។ ឧទាហរណ៏ថាកូនសិស្សមិនមករៀនជាប់លាប់មិនអាចដោយសាទឹកលុយនៅអាចប្រឡងបានទេ ។ ឬទោះរៀនគួរ ឬមិនរៀនគួរក៏ដោយនៅពេលប្រឡងប្រសិនធ្វើសកម្មភាពគួរឲ្យសង្ស័យ ឬបើកចាក់លួចចម្លងហើយត្រូវតែទទួលវិន័យ ឬការប្រឡងមិនទទួលបានពិន្ទុតែម្តង ។ ការបញ្រ្ជាប ការណែនាំ និងទុកឪកាសសំខាន់ តែគោលការណ៏ និងវិន័យបន្ទាប់ពីរយះពេលជាក់លាក់ណាមួយត្រូវតែអនុវត្តន៏ ឲ្យមានប្រសិទ្ធភាព ។ កូនសិស្សត្រូវទទួលវិន័យកូនសិស្ស និងអ្នកពាក់ព័ន្ធត្រូវទទួលវិន័យតាមការទទួលខុសត្រូវជាក់ស្តែង ។

បើពិនិត្យលើកត្តាសំខាន់ៗខាងលើដូចជាកូនសិស្សប្រឹងប្រែងអានស្រាវជ្រាវដោយខ្លួនឯង ការបង្រៀនបានក្បោះក្បាយ និងមានឯកសារអាចកូនសិស្សស្រាវជ្រាវបន្តដោយខ្លួនឯង ការយកចិត្តទុកដាក់ និងភាពយុត្តិធម៌តាមវិជ្ជាជីវ:ដោយមិនធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៏កូនសិស្ស និងមានគោលការណ៏ និងវិន័យចំពោះការប្រឡងច្បាស់លាស់គឺ ប្រឡងដើម្បីវាស់ស្ទង់សមត្ថភាព និងគុណភាពនៃការអប់រំ មិនត្រឹមតែការបើកចាក់ចម្លងអាចទប់ស្កាត់បានទេ តែគុណភាពនៃការអប់រំនឹងអាចពង្រឹង និងធ្វើឲ្យប្រសើរឡើង នៅក្នុងទិសដៅ និងរយះពេលដែលអាចជឿជាក់បានផងដែរ ។

(កត្តាមួយទៀតប្រហែលទាក់ទងនឹងប្រាក់ខែដែររឿងបង្រៀនគួរក្រៅម៉ោង ឬលក់មេរៀន ។ អាចប្រាក់ខែឡើង ហើយអតិផរណាទំនិញចុះ អញ្ចឹងប្រាក់ខែឡើងអាចទិញទំនិញបាន ច្រើន ហើយសល់លុយដោយសាតែ Purchasing Powerវាខ្លាំង ហើយInflationវាទាប ។ )


គ្រាន់តែជាការសង្កេត និងជាមតិមួយប៉ុណ្ណោះ ។ សូមអរគុណ ។

No comments: