Tuesday, December 10, 2013

The Cycle in Economy and Relevant Sectors


ជាការសង្កេតក្នុងវដ្តប្រព្រឹត្តទៅ (Cycle) នៃសេដ្ឋកិច្ចគឺ:

ខ្វះសមត្ថភាពផលិតដោយខ្លួនឯង---នាំចូលទំនិញ---តម្លៃមិនអាចកំណត់ (ថ្លៃ)---ប្រាក់ចំណូលចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចតិច
(ចំណាយច្រើន ចំណូលតិច ឪនភាពពាណិជ្ជកម្ម = ខាត)

វដ្តនេះប្រាកដណាស់ឬសគល់ (Cause)ផ្តើមចេញពីកង្វះសមត្ថភាពដែលមិនអាចផលិតដោយខ្លួនឯងបាន បណ្តាលឲ្យ (Effect) ត្រូវនាំចូលតាំងពីនំកញ្ចប់ តាំងពីត្រីខកំប៉ុង ទឹកដោះគោ របស់កែឆ្នៃជាច្រើន ឬរបស់ប្រើប្រាស់ជាទូទៅយ៉ាងសន្ធឹកសន្ធាប់ ។ បើសិក្សាស៊ីជម្រៅប្រទេសជាច្រើនមានសេដ្ឋកិច្ចនាំចេញ (export-driven economy) បើទោះជាពិភពលោកសម្លឹងឃើញថាទីផ្សាររិកចម្រើនដែលមានស្ថេរភាពគួរជម្រុញការប្រើប្រាស់ និងចំណាយក្នុងស្រុកឲ្យបានច្រើន (increase spending of local consumers) ។

ជាការគួរឲ្យកត់សម្គាល់ គោលដៅ និងភារកិច្ចក្នុងការបណ្តុះ និងពង្រឹងសមត្ថភាពផលិតគឺពឹងលើធនធានមនុស្ស ។ ធនធានមនុស្សត្រូវពឹងលើប្រព័ន្ធអប់រំដែលមានគុណភាព ដែលមានគោលដៅ ទស្សន:វិស័យនិងការប្តេជ្ញាចិត្តក្នុងបញ្ជ្រាប បណ្តុះ និងពង្រឹងជំនាញវិជ្ជាជីវ:ឯកទេសច្បាស់លាស់ ។ ភារកិច្ច និងកាតព្វកិច្ចនេះជាការការលំបាកលំបិន ជាវិញ្ញាសារដ៏តឹងតែងណាស់ពីព្រោះត្រូវការគោលដៅច្បាស់លាស់ ទស្សន:វិស័យច្បាស់លាស់ សកម្មភាពច្បាស់លាស់់ ក្នុងពេលវេលាដែលមានកំណត់ និងក្នុងជំហាននៃសមិទ្ធិផលដែលមានការត្រួតពិនិត្យម៉ឺងម៉ាត់ និងក្នុងទំនួលខុសត្រូវខ្ពស់ ។ គេអាចនិយាយក្នុងទុទិដ្ឋិនិយមថាសូម្បីរយ:ពេលដប់ឆ្នាំទៅមុខ លទ្ធភាពសម្រេចបានសមត្ថភាពមនុស្សក្នុងកំរិតអាចផលិតរបស់ប្រើប្រាស់ខ្លួនឯងគឺទាបណាស់ ។ ប៉ុន្តែការដឹងពីគោលដៅថាទៅទីណា ត្រូវធ្វើសកម្មភាពអ្វី ព្រមជាមួយការវិនិយោគទាំងទុន ស្មារតី និងហេដ្ឋារច្ចនាសម្ព័ន្ត និងការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ដោយការបើកចំហរ ដោយតម្លាភាពសម្រាប់ការចូលរួមទូលំទូលាយ និងឃ្លាំមើលប្រាកដណាស់ក្នុងរយះពេលដប់ឆ្នាំស្ថានភាពនៃធនធានមនុស្សនឹងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ ការផ្ទេរ (Transfer)ចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា និងទុនមានសារ:សំខាន់ណាស់ ។ ការពង្រឹងសមត្ថភាព លទ្ធភាពផលិតក្នុងស្រុក និងស្វែងរកទីផ្សារមានផលប្រយោជន៏ ក្នុងការលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ហើយការទប់ស្កាត់ការនាំចូលដោយមិនមានការត្រួតពិនិត្យ ឬបែបអនាធិបតេយ្យត្រូវតែទប់ស្កាត់ ពីព្រោះការនាំចូលដោយមិនទប់ស្កាត់អាចសម្លាប់ការផលិតក្នុងស្រុក ។ និយាយមួយបែបក្រុមហ៊ុនដែលមានបទពិសោធន៏ មានទុនមានធនធានមនុស្សដូចជាយក្ស ជាមនុស្សធំហើយផលិតករដែលខ្វះខាតបច្ចេកទេស ខ្វះទុនក្នុងស្រុកទុកដូចជាកូនក្មេងនៅខ្ចីដែលមិនអាចប្រកួតប្រជែងទាំងគុណភាព និងតម្លៃ ។ គួរមានគណ:កម្មការ ក្រុមការងារដែលមានភារកិច្ចជាប្រចាំក្នុងការស្រាវជ្រាវ សិក្សាពី គម្រោង និងផ្ទេរចំណេះដឹងតាមរយះការហ្វឹកហ្វឺនដោយផ្ទាល់ ឬតាមរយះឯកសារដែលចងក្រង និងអាចផ្តល់ជូនតាមរយះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ បញ្ហាជាច្រើនផងដែរអាចត្រូវដោះស្រាយមួយភាគធំតាមរយះប្រព័ន្ធផ្សព្វផ្សាយពត៌មានតាមការសែត តាមអ៊ីនធើណែត និងតាមរយះប្រអប់សំបុត្រដែលប្រជាពលរដ្ឋអាចទទួលពត៌មាន និងអាចសរសេរផ្ញើរទុកនៅក្នុងប្រអប់សំបុត្រ ។ នេះមានប្រយោជន៏សម្រាប់ទាំងអ្នកបម្រើសេវាសាធារណ: និងប្រជាពលរដ្ឋដែលជាអ្នកទទួលសេវារ ។ ជាការសង្កេតនៅថ្នាក់ជាតិ ការទទួលពត៌មានមានលក្ខណះទូលំទូលាយ តែនៅថ្នាក់ក្រោមជាតិការទទួលពត៌មាននៅមានកំរិតដោយសាខ្វះចំណេះដឹងភាសា ខ្វះការសែត ខ្វះអ៊ីនធើណែត ឬការបញ្ជ្រាប និងហ្វឹកហ្វឺន (Training)នៅមានកំរិត និងមិនបានទូលំទូលាយតាមទាន់ស្ថានភាព និងតម្រូវការនៃអ្នកទទួលសេវារ ។

ជាការសង្កេត និងសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ ។ សូមអរគុណ

No comments: