Thursday, June 26, 2014

ត្រូវការរូបមន្តពីរភាគបី

អនុញ្ញាតិឲ្យខ្ញុំនិយាយចូលក្នុងរឿងនយោបាយ:

ល្មមបញ្ឈប់តាំងខ្លួនជាមនុស្សចាស់លួងកូនក្មេងនឹងស្ករគ្រាប់ ឬបញ្ឆោតក្មេងរឿងចុងអំពៅចេះហែលទឹក
អីទៀតទៅ ។ ស្ថានភាពនយោបាយ ការអភិវឌ្ឃន៏ និងអនុវត្តន៏គម្រោងផ្សេងៗទាក់ទងដល់សង្គមជាតិគឺ
ត្រូវការរូបមន្តពីរភាគបី (២/៣) ។ គេសុខចិត្តទៅយឺត ជជែកវែកញែក ជជែកដេញដោល មានការចូលរួមទាំង
ភាគីប្រជាពលរដ្ឋ សង្គមស៊ីវិល អង្គការអភិវឌ្ឃន៏ និងអ្នកជំនាញផ្សេងៗចូលរួមទាំងអស់គ្នា ដើម្បីតុល្យភាព
នៃដំណោះស្រាយ ដើម្បីអាចទទួលយកបានទីគ្រប់ភាគី (តែត្រូវដឹងថាមិនមែនត្រូវតែបំពេញចិត្ត១០០ ភាគរយ
យកតែចិត្ត យកតែប្រយោជន៏ផ្ទាល់ខ្លួនទេ ។) មានប្រសិទ្ធិភាព មានចីរភាព និងជាពិសេសមានការទទួលខុស
ត្រូវ ។

ជាមតិផ្ទាល់ខ្លួនគឺឈរលើជំហរ និងគោលការណ៏ “ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ”
ដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ និងពិតជាមិនអាចខ្វះបានគឺ
វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ ។ សួរថាបើច្បាស់លាស់ ម៉ត់ចត់ហើយនៅតែមិនច្បាស់ផង ចុះទម្រាំតែមិន
ច្បាស់តើអាចទុកចិត្ត អាចជឿជាក់យ៉ាងដូចម្តេច? ឥឡូវអាចសួរថាតើឲ្យច្បាស់លាស់ ឲ្យម៉ត់ចត់យ៉ាងដូចម្តេច?
ឧទាហរណ៏គេអាចធ្វើបទដ្ឋានមួយ ហើយបទដ្ឋាននោះប្រាកដណាស់គឺឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងគោល
ការណ៏តម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព! បន្ទាប់ពីមានបទដ្ឋានហើយ គេអាចបន្តពិនិត្យលើសេចក្តី
ណែនាំលម្អិត ច្បាប់ វិន័យតែឈរលើគោលការណ៏ខាងលើដើម្បីប្រសិទ្ធិភាព និងសុច្ចរិតភាពនៃការផ្តល់សេវារ ។

សួរថាតើគេត្រូវលើកឡើងពីបញ្ហា ដោះស្រាយបញ្ហា ច្របាច់ផ្សំវិធានការ សកម្មភាព និងគោលនយោបាយដើម្បី
ប្រសិទ្ធិភាពការងារ និងគុណភាពកាន់តែប្រសើរឬទេ? ឬក៏ត្រូវតែរលូនដោយមិនទទួលស្គាល់បញ្ហា ដោយមិន
ដោះស្រាយបញ្ហា? ឧទាហរណ៏តែពីប្រព័ន្ធអប់រំ ។ តើរឿងតម្រូវកូនសិស្សបង់លុយប្រចាំថ្ងៃ ប្រចាំខែ រឿងតម្រូវ
ទិញមេរៀន រឿងដាក់សម្ពាធរៀនគួរសម្រាប់ប្រឡង ហើយទើបតែថ្មីៗមានចំណាត់ការតឹងរ៊ឹងក្នុងរឿងបើកចម្លង
ការសូកប៉ាន់អនុរក្សអីហ្នឹងជារឿងមិនពិតឬ? តើទាំងអស់នេះអាចបង្កើនសមត្ថភាពកូនសិស្ស គុណភាពអប់រំ
ទៅណា? ក្រែងគោលការណ៏ច្បាស់ឥឡូវ “ចេះបានជាប់“ តើក្នុងគោលដៅអ្វីដែរ? មិនដើម្បីច្បាស់លាស់​ ដើម្បី
គុណភាពអប់រំ និងសមត្ថភាពកូនសិស្ស ។ អូហ៏សមាហរណកម្មអាស៊ានដូចមិនដល់ពីរឆ្នាំផងទេ! ហើយអាណិត
គ្នាអ្នកនៅជនបទមិនមានឪកាស និងឧបត្ថមអីនោះដូចជាចំណេះដឹងការសិក្សាទៅមិនលើសថ្នាក់ទី០៩ទេ ។
នេះបើនិយាយពីភាគរយខ្ពស់!

ក្រែងតែមិនច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវ
ដូចជានៅកូរ៉េខាងជើង អគារគេសង់ពីរឆ្នាំតែពន្លឿនត្រឹម០៦ខែ ដូចជាបាក់ស្លាប់មនុស្សបីរយនាក់នោះ ។ នៅ
ចរាចរណ៏ទៀត មើលតែមិនច្បាស់ មិនមានគំនូសអ្នកថ្មើរជើងឆ្លងថ្នល់ មិនមានផ្លូវកង់ ផ្លូវម៉ូតូ ការព្រិតប្រៀន
ចេញបណ្ណបើកបរតឹងរ៉ឹងជាដើម បើប្រៀបធៀបនឹងស៊ីងហ្គាពួរគេច្បាស់លាស់ ម៉ត់ចត់ តឹងរ៉ឹងតែមានប្រសិទ្ធភាព
មានទំណួលខុសត្រូវ និងគោរពគ្រប់ច្បាប់ វិន័យ មើលទៅមើលតើខាងណាឃើញតែស្លាប់ដោយសាគ្រោះថ្នាក់
ចរាចរណ៏មិនលោះថ្ងៃនោះ? តើច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួល
ខុសត្រូវនាំឲ្យគុណភាព ប្រសិទ្ធិភាព​ និងបទដ្ឋានកាន់តែល្អប្រសើរ? ឬមួយណាធ្វើឲ្យបញ្ហាវិលជុំ និងកាន់តែចាក់ស្រេះ?

ចំណុចសំខាន់គឺគោលការណ៏ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវដែលឆ្លើយតបនឹងគោលការណ៏តម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព និង
ដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ និងពិតជាមិនអាចខ្វះបានគឺ
វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ដើម្បីប្រសិទ្ធិភាព ចីរភាព និងជាពិសេសមានការទទួលខុសត្រូវ ។

មើលតែសេវារសាធារណ:បើមានសេវារចេញចូលច្រកតែមួយ មានកន្លែងផ្តល់ពត៌មាន មានតារាងតម្លៃសេវារ
មាននីតិវិធី មានរយះពេល មានការត្រួតពិនិត្យគុណភាព មានសេចក្តីណែនាំលម្អិតងាយស្រួលយល់ ឧទាហរណ៏
មានApps អាចបញ្រ្ជាបពីសេវារមួយៗ មានជំហានងាយយល់ បង្ហាញពីកន្លែងទំនាក់ទំនង កន្លែងតវ៉ា មាន
មធ្យោបាយអាចរាយការណ៏ពីទង្វើមិនប្រក្រតី ឧទាហរណ៏ទារថ្លៃសេវារលើសតារាងកំណត់ ការរារាំង ឬគំរាម
កំហែងដើម្បីសេវារលើស ទាំងអស់នេះពិតជាអាចជម្រុញសេវារសាធារណ:បានជាប្រយោជន៏សាធារណ:
និងសង្គមជាតិទូលំទូលាយ។

មានរឿងត្រឹមត្រូវជាច្រើនដែលគេធ្វើ ហើយមិនចាំបាច់អ្នកណាចុះពីលើមេឃ មកពីឋានសួគ៌អីទេ ។ សម័យនេះ
ស្អីក៏មានរូបមន្ត ស្អីក៏គេអាចស្រាវជ្រាវរុករកដែរ ឧទាហរណ៏ក្រោមដី បាញ់បង្ហោះប្រព័ន្ធផ្កាយរណប រុករកភព
ថ្មីនៅលើមេឃ អញ្ចឹងឲ្យតែធ្វើរឿងត្រឹមត្រូវ រៀនចេះ និងអាចអនុវត្តន៏រូបមន្តគេរកឃើញហ្នឹងល្អផល្គុនចែត្រពេក
ណាស់ហើយ ។ ហើយឲ្យតែច្បាស់លាស់ គិតគូរម់ត់ចត់ ធ្វើរឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវមិនខ្លាចការសួរនាំ ការបើកចំហរ
ការពន្យល់បកស្រាយទេ ។ សូមប្រើប្រាស់ជាអតិបរមានូវ “សេចក្តីស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់” ។





No comments: