Monday, June 2, 2014

ទុំទាវ

អ្នកគួរតែ”ទុំទាវ” គិតគូរមានអំណះអំណាង មានការទទួលខុសត្រូវ ត្រៀមលក្ខណ: ហ្វឹកហ្វឺន និងសម្លឹងទៅមុខទាំងពេលបច្ចុប្បន្នក៏ដូចជា
អនាគត ដូចជាជនជាតិជប៉ុន អាមេរិក ឬចិន ។ គ្រូជប៉ុនបានបង្រៀនថាជប៉ុនសម្រេចចិត្តយឺត ចំណាយពេលច្រើនសិក្សា និងស្រាវជ្រាវដើម្បីឲ្យបានល្អិតល្អន់ និងម៉ត់ចត់ តែជប៉ុនតែសម្រេចចចិត្តចេញដំណើរធ្វើការក្នុងគម្រោងហ្នឹងហើយ គឺមិនរារែក មិនទាក់ទើហើយប្រកបដោយភាពប្រាកដប្រជា សាច់ការ មានប្រសិទ្ធភាពខ្ពស់និងមានការទទួលខុសត្រូវខ្ពស់ ។ នេះជាស្តង់ដារប្រទេសជប៉ុន ជា “Japanese’s Brand Name“ ។
ឧទាហរណ៏ ថ្នល់ ស្ពាន គម្រោងរបស់ប្រទេសជប៉ុនផ្សេងៗនៅប្រទេសកម្ពុជា ។

ផ្ទុយទៅវិញអ្នកមិនត្រូវ”ទុំទាវ” គ្រាន់តែនែបនាក់ ចិត្តច្រើន (ឆាប់ខឹង មិនបើកទូលាយចិត្តគិត និងរៀនពីអ្វីដែលត្រឹមត្រូវ ដែលមានប្រយោជន៏ មិនគិតពីរឿងវែងឆ្ងាយ ។ល។) ចិត្តចង្អៀតចង្អល់ ពូកែតែប៉ែងជើង ចាក់ដោត ជាន់ពន្លិចគ្នាទេ ។ បើទុំទាវ ទុំទាវជជែកគ្នាពីរឿងមានប្រយោជន៏
ទំនាក់ទំនងគ្នា ជួយគិត ជួយធ្វើចូលរួមចំណែកធ្វើរឿងមានប្រយោជន៏រួម ប្រយោជន៏វែងឆ្ងាយ ។
អ្នកអាចសង្កេតអញ្ចេះចំពោះអ្នកទុំទាវមិនបើកទូលាយចិត្ត មិនចូលចិត្តអាន មិនចូលចិត្តគិតសឹងថាគ្មានទំណួលខុសត្រូវចំពោះផលប្រយោជន៏រួម ឧទាហរណ៏ឃើញក្មេងជេរគ្នានៅនឹងមុខក៏ថាមិនអី ។ ដូចមិនដឹងរឿងត្រឹមត្រូវ ប្រហែលពីព្រោះត្រូវបានគេបំពុលឲ្យចេះតែចង្អៀតចង្អល់
ឲ្យចេះតែខឹង ចងគុំនុំ ចេះតែស្អប់ ចេះតែជេរ ចេះតែប៉ែងជើង ប៉ែងផ្តួលព្រោះតែអាហារបីពេលព្រោះតែក្រពះ ។ ប្រហែលជាថាត្រូវបានគេបំពុលឲ្យគិតថា “តាមគ្នាទៅ គ្នាច្រើនគឺត្រូវ” ប៉ុន្តែខ្ញុំសូមពញ្ញាក់ចេះថា តើមានបានគិតថាជារឿងត្រឹមត្រូវទេ? គោលដៅដឹកនាំទៅណា? ចុះខុសត្រូវអ្នកណាទទួលខុសត្រូវ? ច្បាស់លាស់ប៉ុណ្ណា? មានប្រសិទ្ធិភាពប៉ុណ្ណា?

ខ្ញុំសូមអនុញ្ញាតិលើកឧទាហរណ៏ពីការសង្កេតពីព្រឹត្តការណ៏ និងទំនោរខ្លះៗនៅក្នុងសង្គម ។ ពេលអ្នកទុំទាវ អ្នកចង្អៀតចង្អល់មិនចូលចិត្តអាន មិនចូលចិត្តគិតឃើញក្មេងៗជេរគ្នានៅនឹងមុខហ្នឹងក៏ថាមិនអី ។ ចុះរឿងនឹងត្រឹមត្រូវទេ? ក្រែងចាស់បុរាណថាដំដែកទាន់នៅក្តៅ
មិនអញ្ចឹង? ប្រទេសជឿនលឿនគេអនុវត្ត ហើយមានអំណះអំណាងពីការស្រាវជ្រាវថាការប្រដៅក្មេងដោយជេរ គំហក និងវ៉ៃនឹងធ្វើឲ្យក្មេងកាន់តែរឹង ក្មេងអាចឆេវឆាវចម្លងទម្លាប់និងទំនោរហិង្សាពីព្រោះម្យ៉ាងខ្លួនទទួលបទពិសោធន៏ពីគ្រួសារ ពីសាលា ម្យ៉ាងឃើញគេធ្វើតែអញ្ចឹង ។ តែសួរថានេះជារឿងត្រឹមត្រូវឬ? ធ្វើឲ្យក្មេងចេះដឹង យល់ ពូកែអ្វី ឬបង្កតែវដ្តដោះស្រាយបញ្ហាដោយហិង្សា និងប៉ះពាល់ផ្លូវចិត្តដល់ក្មេង និងសង្គមជាតិ? ហើយឬ
ក៏ថា“តាមគ្នាទៅ គ្នាច្រើនគឺត្រូវ” ចុះឃើញផ្សព្វផ្សាយគ្រឿងស្រវឹងលើកញ្ចក់ទូរទស្សន៏ប្រឹងប្រែងយ៉ាងគគ្រឹកគគ្រេងអូសទាញឲ្យទទួលជាតិស្រវឹងហ្នឹងចំណេញ ធ្វើឲ្យពូកែធ្វើឲ្យមានប្រយោជន៏អ្វីយល់យុវជន ដល់ក្មេង ដល់គ្រួសារ ដល់សេដ្ឋកិច្ច និងដល់សង្គមជាតិ?

មានព្រឹត្តការណ៏ និងទំនោរខ្លះៗទៀតដែលអ្នកអាចសង្កេតថាវាមិនត្រឹមត្រូវ វាបង្កគ្រោះថ្នាក់
វាបង្កជាការព្រួយបារម្ភចំពោះការវិវឌ្ឃន៏របស់សង្គមជាតិ ។ ក្មេងៗស្រូបរឿងអាក្រក់ រឿងដែលអ្នកគិតថាសើចសប្បាយប៉ុន្តែបានតម្រង់ បានដឹកនាំក្មេងៗឲ្យឡេះឡោះ ឲ្យមិនមានការទទួលខុសត្រូវ និងឲ្យមិនមានចេះគិតគូរអ្វីក្រៅតែពីសប្បាយ ។ អ្នកសួរ និងសង្កេតមើលបទ “ពកអូនប៉ុណ្ណា” “អត់ដឹងអីផង“ មិនត្រឹមតែក្មេងថាចេះសឹងគ្រប់គ្នា តែចាស់ខ្លះច្រៀងមុខក្មេងដូចធម្មតា ។ បើក្មេងវាទម្លាប់ឡេះឡោះ គិតតែលេង ហើយប្រព័ន្ធសង្គម ការអប់រំមិនមានគោលដៅ មិនមានសកម្មភាពច្បាស់លាស់ មិនយល់ពីការបែងចែកពេលវេលាមានប្រសិទ្ធិភាព តើឲ្យក្មេង ឬសមាជិកសង្គមមានសមត្ថភាព បង្កើនសមត្ថភាព ឬត្រៀម
លក្ខណ: ហ្វឹកហ្វឺនគ្នាឲ្យក្លាយទៅជាអ្វី? ហើយអ្នកមើលពត៌មានកន្លែងលេងហ្គេមមានលួចផ្តល់សេវារថ្នាំញៀនលួចលាក់ យុវវ័យប្រើប្រាស់ថ្នាំញៀនហួសកំរិតរហូតបែកថ្នាំ
ផ្សព្វផ្សាយគ្រឿងស្រវឹងលើកញ្ចក់ទូរទស្សន៏យ៉ាងអ៊ឹកធឺក កន្លែងផឹកស៊ី ក្លឹបរីកដូចផ្សិត បងតូចបងធំ យុវវ័យយល់ថារឿងឡូយជារឿងពេញនិយមជារឿងត្រឹមត្រូវ នៅពេល
ការពិតធ្វើឲ្យប៉ះពាល់សុខភាពពួកគេ ធ្វើឲ្យចុះខ្សោយសមត្ថភាពគិត ប៉ះពាល់ដល់ការសិក្សា ធ្វើឲ្យធ្លាក់ចុះសមត្ថភាពធ្វើការងារ ឧទាហរណ៏ដូចជាជក់ Shisa ដូចជាផឹកស្រាសំញ៉ែងម៉ាកស្អីគេមួយដបដាច់ ។ ហើយវាកាន់តែធ្ងន់ធ្ងរចាស់ៗខ្លះគិតតែអួតម៉ាកស្រាបង្ហោះរឿងផឹកស៊ីថាជារឿងត្រឹមត្រូវ ។ តើអ្នកគិតទម្លាប់ និងទំនោរសង្គមដឹកនាំសង្គមទៅរកគោលដៅអ្វី? តើវាជារឿងត្រឹមត្រូវឬ? ចុះប្រទេសរីកចម្រើនជុំវិញពិភពលោកគេអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយស្តង់ដារ ដោយសេចក្តីណែនាំលម្អិត ដោយមានការទទួលខុសត្រូវខ្ពស់គឺអ្នកនយោបាយ មេដឹកនាំ បុគ្គលសាធារណ:ត្រូវធ្វើជាគម្រូ ជាឧទាហរណ៏ល្អ និងបន្សល់កេរ្ត៏ដំណែលវិជ្ជមាននោះ តើទាំងនេះជារឿងត្រឹមត្រូវ ជារឿងមានការទទួលខុសត្រូវទេ? ការចូលរួមចំណែកការពារបរិស្ថាន ចូលរួមជាថវិការក្នុងការទ្រទ្រង់និងជម្រុញគុណភាពប្រព័ន្ធអប់រំ ការគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ ការចែករម្លែកពី
ការប្រឹងប្រែង ពីការតស៊ូ ពីបទពិសោធន៏ជោគជ័យ ពីការបង្កើតឪកាសជោគជ័យ ។ល។សម្រាប់អ្នកគាំទ្រគេ ក៏ដូចជាសង្គមជាតិគេជាដើម ។ ក្នុងភាពជាអ្នកដឹកនាំ ជាអ្នកនយោបាយ ជាបុគ្គលសាធារណ:ជាដើម ដែលអ្នករកចំណូលបានពីភាពល្បីល្បាញអ្នក ដែលមហាជនផ្តល់អំណាចដល់អ្នក តើអ្នកបានតបស្នងអ្វីខ្លះ? តើអ្នកបានធ្វើរឿងវិជ្ជមានអ្វីខ្លះសម្រាប់អ្នកគាំទ្រអ្នក និងសង្គមជាតិអ្នក? តើអ្នកដឹកនាំគេទៅណា? តើអ្នកគិតគូរល្អិតល្អន់ និងមានការទទួលខុសត្រូវខ្ពស់ប៉ុណ្ណា? តើអ្នកបានពន្យល់បានបើកចំហរឲ្យគេចូលរួម ឲ្យគេដឹង បានត្រៀមលក្ខណ: និងហ្វឹកហ្វឺនគេប្រកប
ដោយការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហា និងការប្រឈមសម្រាប់បច្ចុប្បន្នភាព និងអនាគតយ៉ាងដូចម្តេច? មានប្រសិទ្ធភាពប៉ុណ្ណា? តើអ្នកប្តេជ្ញាចិត្ត និងទំណួលខុសត្រូវខ្ពស់ប៉ុណ្ណា?

ខ្ញុំសូមអនុញ្ញាតិរំលេចឲ្យឃើញថាហេតុអ្វីគេអនុវត្ត និងដើរតាមគន្លងយ៉ាងខ្ជាប់ខ្ជួននិងប្រកបដោយភាពច្បាស់លាស់នូវ :
ក) ទំណួលខុសត្រូវ + ច្បាប់ + បច្ចេកទេស + ចីរភាព
ខ) មេដឹកនាំ + គណបក្សនយោបាយ + ការចូលរួម & ទិន្ន័យពីប្រជាពលរដ្ឋ + ការចូលរួម& ទិន្ន័យពីអង្គការក្រៅរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឃន៏ និងអ្នកជំនាញ
គ) ធនាគារខួរក្បាល (Think Tankអាចជាក្រុមទីប្រឹក្សានៃអភិបាល នៃមេដឹកនាំមុនៗ
ឬវិទ្យាស្ថានឯករាជ្យមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗ)
ឃ) ប្រព័ន្ធគ្រប់គ្រង និងយន្តការណ៏ផ្សេងៗបើកចំហរ មានផ្តល់ពត៌មានជាសាធារណ:
ដើម្បីតម្លាភាព គណនេយ្យភាព និងទំណួលខុសត្រូវខ្ពស់ eg Act for Access to Information ។ សេវារសាធារណ: មន្ត្រីសាធារណ:គិតគូរ ប្តេជ្ញាចិត្ត និងធ្វើការបំរើសាធារណ: ទទួលប្រាក់ខែ កាត់ពន្ធពីប្រជាពលរដ្ឋសម្រាប់មហាជន និងសង្គមជាតិ ។ មិនអញ្ចឹងឬ?

ខ្ញុំសូមលើកឧទាហរណ៏ពី បំរែបំរួលអាកាសធាតុ ពីប្រព័ន្ធអប់រំ ពីការអភិវឌ្ឃន៏នៅមូលដ្ឋានដោយមានការចូលរួមពីប្រជាជនមូលដ្ឋាន ពីអ្នកជំនាញ និងពីក្រសួងពាក់ព័ន្ធនានា នោះគឺត្រូវការប្រព័ន្ធ យន្តការណ៏ខាងលើ មានស្តង់ដារ មានគោលដៅ មានសេចក្តីណែនាំលម្អិត
មានការចូលរួមពីអ្នកមានជំនាញច្បាស់លាស់ប្រកបដោយវិជ្ជាជីវ: ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងទំណួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះដែរសូមអនុញ្ញាតិឲ្យខ្ញុំលើកឧទាហរណ៏សមញ្ញពីល្បែងអុកខ្មែរ ។ អ្នកលេងអុកខ្មែរពូកែយល់ច្បាស់ ឬអាចស្វែងយល់ថាជំនាញលេងអុកពូកែ
គឺពូកែគ្រប់គ្រាប់ (កូន)ទាំងអស់ លេងជាក្រុម លេងជាប្រព័ន្ធពង្រឹងសហការគ្នាដើម្បីជ័យជំនះ គឺបើប្រៀបធៀបពីវិធីគ្រប់គ្រងគឺប្រព័ន្ធខ្លាំង មានប្រសិទ្ធភាព មានទំណួលខុសត្រូវខ្ពស់ សមាជិកប្រកបដោយជំនាញ មានវិជ្ជាជីវ: មានទំណួលខុសត្រូវខ្ពស់ និងដែលមិនអាចខ្វះបាន
គឺស្មារតីធ្វើការជាក្រុម ពង្រឹងសហការគ្នា ។ តើអ្នកលេងអុកពូកែណាថាពូកែដុំៗពូកែតែសេះតែទូកដោយមើលស្រាលគ្រាប់ត្រី មិនយល់ពីប្រព័ន្ធលេងទាំងមូលជាក្រុមនោះ?

បុគ្គលខ្លាំងម្នាក់គង់ឆ្លងមិនផុតពីសេចក្តីលំអៀង ពីទោស: មោហ: ពីតណ្ហា និងពីបុគ្គលនិយមជាដើមដែលអាចប៉ះពាល់ដល់ផលប្រយោជន៏រួម ផលប្រយោជន៏សង្គមជាតិ ។ ដូចនេះទើបគេនិយាយពីយន្តការណ៏ Checks & Balance ក) ខ) គ) ឃ) ខាងលើ ។ល។ ដើម្បីធានាជារួមថាមានប្រព័ន្ធជាក្រុម
ដែលអាចទុកចិត្តនៅក្នុងភាគរយខ្ពស់ថាឋាមពលវិជ្ជមានបានប្រើប្រាស់ ថាការដឹកនាំអាចទៅផុតពីឋាមពលអវិជ្ជមាននៃបុគ្គលគឺសេចក្តីលំអៀង ពីទោស: មោហ: ពីតណ្ហា និងពីបុគ្គលនិយមជាដើមដែលអាចប៉ះពាល់ដល់ផលប្រយោជន៏រួម ផលប្រយោជន៏សង្គមជាតិ ។

ចំណុចចាប់ផ្តើមគឺគួរតែគិតផលប្រយោជន៏រួម ដម្កល់ផលប្រយោជន៏សង្គមជាតិ និងប្រទេសជាតិអ្នកចាប់ផ្តើមនិយាយពីស្តង់ដារ ពីគោលដៅ ពីសេចក្តីណែនាំលម្អិត បើកចំហរស្វាគមន៏ដោយសុទ្ធចិត្ត ដោយសុឆន្ទះបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទទួលយកការចូលរួម ការផ្តល់មតិ ទទួលការរិះគន់ពីប្រជាពលរដ្ឋ ពីអង្គការសង្គមស៊ីវិល ពីសាពត៌មាន និងពីអ្នកជំនាញ និងស្ថាប័នពាក់ពន្ធ័នានា ។ សូមធ្វើការជាក្រុម ពង្រឹងសហការដើម្បីស្តង់ដារបម្រើ និងតម្កល់ផលប្រយោជន៏សង្គមជាតិកាន់តែខ្ពស់ និងកាន់តែប្រសើរ ។

សូម”ទុំទាវ” គិតគូរមានអំណះអំណាង មានការទទួលខុសត្រូវ ត្រៀមលក្ខណ: ហ្វឹកហ្វឺន និងសម្លឹងទៅមុខទាំងពេលបច្ចុប្បន្នក៏ដូចជាអនាគតដូចជាជនជាតិជប៉ុន ស៊ីងហ្គាពួរ អាមេរិក ចិននិងសហគមន៏អន្តរជាតិដែលគោរពសិទ្ធិមនុស្ស គោរពច្បាប់អន្តរជាតិ និងស្តង់ដារសហគមន៏អន្តរជាតិដូចជាអង្គការសហប្រជាជាតិជាដើម ។ សូមធ្វើជាវីរជនសម្រាប់ប្រជាជាតិអ្នក ។ សូមធ្វើជាមេដឹកនាំដែលបង្កើតមេដឹកនាំបន្តវេន តែមិនមែនបង្កើតអ្នកហៃអើ ឆ្វេងទៅឆ្វេង ស្តាំទៅ
ស្តាំមិនមានគោលដៅមិនមានអំណះអំណាង មិនមានការទទួលខុសត្រូវទេ។ សូមមានទំណួលខុសត្រូវខ្ពស់ ។ សូមធ្វើជាគម្រូ ជាឧទាហរណ៏ល្អ និងបន្សល់កេរ្ត៏ដំណែលវិជ្ជមានសម្រាប់ផលប្រយោជន៏រួម និងសង្គមជាតិអ្នក?

តើអ្នកយល់យ៉ាងណាដែរ?

No comments: