Wednesday, April 30, 2014

គំនិតក្នុងការអប់រំ

គំនិតក្នុងការអប់រំ

ប៉ូលីស: អ្នកស្រីមិនអាចសម្លុត និងវ៉ៃក្នុងការប្រដៅក្មេងទេ ។
ម្តាយ: សូមទោស ។ ខ្ញុំខឹងច្រឡោតពេក ។
ប៉ូលីស: អ្នកស្រីអាចមានទោសបើសម្លុត និងវ៉ៃក្មេង ។ ត្រូវព្យាយាមអប់រំ ពន្យល់ដើម្បីកូនអ្នកស្រីបានចេះ ។
ម្តាយ: ខ្ញុំនឹងប្រឹងប្រែង ។

បើអ្នកមានទម្លាប់ប្រើអារម្មណ៏ប្រើការសម្លុត គំហក និងវ៉ៃ (អ្នកអាចស្វែងយល់ទម្លាប់អ្នក ពីព្រោះវាត្រូវការតែ
តែប៉ុន្មានវិនាទីប៉ុណ្ណោះក្នុងការចាប់ផ្តើម បើអ្នកមានទម្លាប់ដូចបាននិយាយខាងលើ ។) អ្នកអាចមិនយល់ស្រប
ឬអ្នកអាចថាជារឿងផ្ទាល់ខ្លួនក្នុងគ្រួសារ ។ តែសូមងាកមកពិចារណាចំណុចមួយចំនួនខាងក្រោមនេះវិញ:

-      អ្នកសម្លុត គំហក និងវ៉ៃពីព្រោះអ្នកចង់ឲ្យក្មេងស្តាប់អ្នក ធ្វើតាមអ្នក ឬក៏យល់ដូចអ្នក ។ ជួនកាលអ្នក
តប់ប្រមល់ អ្នករងសម្ពាធពីការងារ ឬគ្រាន់ថាក្មេងរំខានការកំសាន្ត (កុំលេងល្បែង ឬរវល់ផឹកស៊ី រួចខឹងក្មេង
ចេះតែស្រែក គំហក និងវ៉ៃពីព្រោះក្មេងរំខាន ។) ហើយវាដូចជាបង្កការតានតឹងអារម្មណ៏ ឬអ្នកមិនមានទម្លាប់
ក្នុងការស្វែងយល់ពីបញ្ហាសិន ចាំអ្នកថាមិនលុះដោយឥទ្ធិពលសំពាធអ្វីផ្សេងៗសិន ចាំអង្គុយជជែកជាមួយ
ក្មេង ។ ជឿថាវាតានតឹង វាត្រូវការការហ្វឹកហ្វឺន ការប្រឹក្សាដើម្បីងាកពីទម្លាប់ភ្លឹបឡើងស្រែកគំហក សម្លុត និង
វ៉ៃក្មេងក្នុងការអប់រំ ។ តែទម្លាប់មិនល្អ ទម្លាប់គួរកែប្រែនេះក្រៅពីមិនបានបង្រៀឲ្យក្មេងគិតពីហេតុផល រៀនគិត
មានអំណះអំណាង និងរៀនគិតមានការទទួលខុសត្រូវ ផ្ទុយទៅវិញបានប៉ះពាល់អារម្មណ៏ផ្លូវចិត្តក្មេង ធ្វើឲ្យ
ក្មេងបាក់ស្បាត និងកាន់តែគួរឲ្យព្រួយបារម្ភចាប់ផ្តើមពីបុគ្គល ពីគ្រួសារដែលជាធាតុកោសិកានៃសង្គមបាន
បន្ត និងបំប៉នទម្លាប់មិនអង្គុយជជែកពិភាក្សាស្វែងយល់គ្នាតាមសម្រួល និងដោយការយោគយល់តែបែជា
មើលឃើញ និងប្រកាន់ទម្លាប់ប្រើកម្លាំងបាយ និងហិង្សាក្នុងការដោះស្រាយបញ្ហាទៅវិញ ។ ហេតុនាំដល់
ផល ហើយបើឬសគល់នៃបញ្ហាមិនបានយកចិត្តទុកដាក់ និងដោះស្រាយវាបណ្តាលឲ្យកើតជាវដ្តវិលជុំ ។
ឧទាហរណ៏ បើបុគ្គល គ្រួសារ និងសង្គមជាតិមានទម្លាប់អង្គុយជជែកពិភាក្សាពីហេតុផល ពីប្រយោជន៏រួម
ពីការទទួលខុសត្រូវ និងមានស្មារតីគោរពច្បាប់ ពួកគេនឹងមិនធ្លាក់ក្នុងការប្រើកម្លាំងបាយ និងហិង្សាភ្លាមទេ
ក្នុងការដោះស្រាយបញ្ហា ។ កត្តាមួយសំខាន់ក្នុងការតម្រែតម្រង់ និងលើកទឹកចិត្តដោះស្រាយបញ្ហាដោយ
សន្តិវិធី អហិង្សា និងតាមច្បាប់គឺប្រព័ន្ធច្បាប់រឹងមាំ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព ។ បើសមាជិក
សង្គមប្រើហិង្សា ឬមធ្យោបាយទុច្ចរិតនោះគឺផ្ទុយពីច្បាប់ នោះច្បាប់មិនគាំទ្រទេ ។ បើភាគីណាអះអាងថា
ត្រឹមត្រូវ នោះបើជជែកពិភាក្សាគ្នាដោះស្រាយបញ្ហាមិនបានទេ គេអាចងាកទៅរកផ្លូវច្បាប់ជាដំណោះស្រាយ ។

ផ្ទុយទៅវិញបើគេមិនមានទម្លាប់ទម្លាប់អង្គុយជជែកពិភាក្សាពីហេតុផល ពីប្រយោជន៏រួម ពីការទទួលខុសត្រូវ និង
មានស្មារតីគោរពច្បាប់ទេ វាបង្កជាការព្រួយបារម្ភណាស់ពីព្រោះសមាជិកសង្គមងាយធ្លាក់ក្នុងផ្លូវហិង្សា
និងការប្រើកម្លាំងបាយដោះស្រាយបញ្ហា ។

-      ចំនុចគួរពិចារណាផងដែរគឺបើអ្នកមានទម្លាប់វ៉ៃ សម្លុត និងគំហកក្នុងការអប់រំ អ្នកអាចសាកគិតលេងៗ
ថាទម្រាំអ្នកយល់ដឹង ចេះដឹងបានប៉ុណ្ណឹង តើអ្នកអានសៀវភៅ ស្តាប់ និងចូលរួមការពិភាក្សា ឬរៀនសូត្រ
អស់រយះពេលប៉ុន្មានឆ្នាំ? តើអាចទៅរួចគ្រាន់តែអ្នកសម្លុត គំហក និងវ៉ៃដើម្បីឲ្យពួកគេយល់ដូចអ្នក ចេះ
ដូចអ្នកភ្លាម តើទៅរួចទេ? វាមានប្រយោជន៏ និងសមស្របតាមបច្ចេកទេសបើអ្នកមានសមាធិ មានការ
អត់ធ្មត់ និងព្យាយាមពន្យល់ពួកគេជាជាងប្រើតែអារម្មណ៏ច្រឡោតតោតតូង និងហិង្សា ។ បង្រៀនពួកគេ
ឲ្យមានគោលដៅ ពីការធ្វើគម្រោង (plan) ពីការធ្វើសកម្មភាពច្បាស់លាស់ ពីការបែងចែកពេលវេលា
មិនផ្តោតលើតែរឿងលេងមួយមុខ (time management) ចំណាយពេលវេលាស្វែងយល់ពីពួកគេ ចំណាយ
ពេលវេលានៅជាមួយពួកគេ បង្រៀនគេឲ្យមានទម្លាប់អាន ទម្លាប់ពិភាក្សា ទម្លាប់មានហេតុផល ទម្លាប់
ទទួលខុសត្រូវ សូមទោសពេលធ្វើខុសជាដើម ។

ក)ច្បាប់អប់រំអហិង្សាសម្រាប់ការអប់រំនៅផ្ទះ និងនៅសាលា
ខ)ការគ្រប់គ្រងរបស់អាណាព្យាបាល (Parental Control) លើសកម្មភាពរបស់ពួកគេនៅពេលរឿងអាស
អាភាសអាចរកបានដោយងាយលើអ៊ីនធើណែត ដូចគ្នាចំពោះការផ្សាយពាណិជកម្មគ្រឿងស្រវឹងដោយ
មិនគិតពីតុល្យភាពនៃផលប៉ះពាល់អវិជ្ជមានដល់ក្មេង និងមហាជនទូទៅ ហាងផឹកស៊ី និងក្លឹបដែលពង្វក់
ក្មេង ។ល។
គ)ច្បាប់គ្រប់គ្រង និងហាមឃាត់ការលក់ និងការទទួលបានសុរា បារី និងចូលក្លឹបសម្រាប់យុវវ័យក្រោម
១៨ឆ្នាំ
ឃ)ការពង្រឹងការសហការទូលំទូលាយរវាងអជ្ញាធរ សាលា គ្រួសារ និងអង្គការដៃគូរអភិវឌ្ឃន៏នានា
ឧទាហរណ៏ប្រព័ន្ធទូរស័ព្ទសាលាអាចទាក់ទងអាណាព្យាបាលនៅពេលកូនសិស្សអវត្តមាន ការជួបប្រជុំ
រវាងអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ (Parent-Teacher Meeting) ក្រមសីលធម៌ទាំងគ្រូបង្រៀន និង
កូនសិស្ស ការប្រឹក្សាចិត្តសាស្រ្តនៅពេលកូនសិស្សមានបញ្ហា និងការសហការរវាងសាលា និងអាណាព្យា
បាលលើបញ្ហាប្រឹក្សាចិត្តសាស្រ្ត ។ល។

ជារួមច្បាប់ វិធានការ និងយន្តការខាងលើមានគោលដៅធានាការវិវឌ្ឃន៏នៃសមាជិកសង្គមប្រកបដោយ
ថាមពលវិជ្ជមាន មានសុខមាលភាព និងដើម្បីធានាយ៉ាងមានប្រសិទ្ធិភាពខ្ពស់នូវវដ្តនៃសង្គមដែលវិវឌ្ឃន៏
តាមគន្លងនៃការគោរពច្បាប់ និងភាពស៊ីវិល័យតរៀងទៅ ។ អ្នកអាចគិតពីគោលដៅ ។ អ្នកអាចសួរថាតើ
អាចទុកចិត្តបានប៉ុណ្ណា? ភាគរយខ្ពស់ប៉ុណ្ណា? ឬក៏សមាជិកសង្គមមានទម្លាប់ (ដោយមិនដឹងខ្លួន) សម្លុត
គំហក និងវ៉ៃ ឬមានទំនោរមិនអង្គុយជជែកគ្នា មិននិយាយពីទំណួលខុសត្រូវ មិនគោរពច្បាប់ខ្ជាប់ខ្ជួន
ឬច្បាប់ និងការអនុវត្តច្បាប់ទន់ខ្សោយ តើទាំងនេះដឹកនាំសង្គមទៅដល់ណា? វដ្តវិលជុំនៃសង្គមនឹងទៅ
ជាយ៉ាងណា?

សូមសិក្សាពីទម្លាប់អ្នក ប្រយ័ត្នទម្លាប់អ្នក និងទទួលខុសត្រូវចំពោះទម្លាប់អ្នក ។ នៅពេលអ្នកមិនមាន
អំណាចគ្រប់គ្រាន់ដើម្បីទាមទារឪកាសផ្តល់ឲ្យច្រើនពីសង្គម ការគាំទ្រ ការឧបត្ថម និងគាំពារ អ្នកមាន
សិទ្ធិគ្រប់យ៉ាងក្នុងការរៀបចំខ្លួន និងហ្វឹកហ្វឺនសម្រាប់អនាគតដោយខ្លួនអ្នកផ្ទាល់ ។ នេះជាអំណាច
របស់អ្នក: អំណាចក្នុងការជ្រើសរើស និងសម្រេចចិត្ត ។ អ្នកមានអំណាចនឹងសម្រេចចិត្តថានៅជាមួយ
អ្នកណា ជ្រើសរើសមនុស្សប្រភេទណានៅក្បែរអ្នក ឬបែងចែកពេលវេលាមានប្រសិទ្ធិភាពដើម្បីកិច្ចការ
ផ្ទាល់ខ្លួនអ្នក ។ល។ ហើយប្រសិនបើក្រុមមនុស្សនោះមិនគោរពសិទ្ធិអ្នកទេ មិនលើកតម្លៃអ្នកទេ អ្នកមាន
សិទ្ធគ្រប់យ៉ាងគឺ :១)ជំទាស់មិនយល់ស្រប ២)មិនជ្រើសរើសក្រុមនោះ ៣)មិនគាំទ្រពួកគេ (ឬគេមិនគោរព
សិទ្ធិអ្នក មិនលើកតម្លៃអ្នក យកល្អតែខ្លួនគេដោយនិយាយលួងលោមគ្រាន់បោកអ្នក ហើយអ្នកនៅគាំទ្រ
ទៀត ហ្នឹងមិនដឹងជាថាយ៉ាងម៉េចទេ ។)

សូមអរគុណ ។ សូមចូលរួមមតិយោបល់អ្នក ។ ពិតជារីករាយ និងស្វាគមន៏ការពិភាក្សាដោយបើកចំហរ ។

No comments: