Friday, March 6, 2015

អត្ថប្រយោជន៍ដ៏ធំធេងនៃទំនួលខុសត្រូវខ្ពស់

នៅក្នុងសេវាសាធារណ: និងកិច្ចការនយោបាយ បើមានស្តង់ដារខ្ពស់
ជាអតិបរមាចំពោះ “ការទទួលខុសត្រូវខ្ពស់” ទាំងពេលបច្ចុប្បន្ន និងអនាគត
ពេលនោះ គេអាចឃើញ និងធ្វើជាសាក្សីផ្ទាល់លើអត្ថប្រយោជន៍ជាច្រើន
ដូចជា :

-ការចូលចិត្ត ការបើកចំហ និងការស្វាគមន៍ការប្រឹក្សាជាសាធារណ: និងការរិះគន់ ។
-ទម្លាប់អាន ការអង្គុយជជែកពិភាក្សាជាមួយអ្នកឯកទេស ប្រឹក្សាជាសាធារណ:
និងអ្នកពាក់ព័ន្ធ ។
-ការប្រុងប្រយ័ត្នខ្ពស់ កិច្ចការត្រូវប្រកបដោយតម្លាភាព សុចរិតភាព និងប្រកបដោយ
គុណភាព និងប្រសិទ្ធិភាព ពីព្រោះត្រូវមានទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន
និងអនាគត ។
-ការគិតគូរកាន់តែល្អិនល្អន់ ការពិភាក្សាកាន់តែទូលំទូលាយ និងជំនាញ ការស្រាវជ្រាវ
ទិន្ន័យ និងព័ត៌មានកាន់តែជាតម្រូវការចាំបាច់ ។
-បង្កើតបរិយាកាស ឬវប្បធម៌ប្រឡងប្រជែងធ្វើរឿងត្រឹមត្រូវ រឿងមានប្រយោជន៍រួម
ដែលកាន់តែអាចទុកចិត្តបាន និងរឿងគម្រូល្អ និងរឿងមានទំនួលខុសត្រូវខ្ពស់ ។
-បញ្ចៀសការចង់ចាញ់ឈ្នះបុគ្គលនឹងបុគ្គល បក្ខពួកនឹងបក្ខពួក បញ្ចៀសវប្បធម៌
ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី បញ្ចៀសអ្នកឈ្នះជាស្តេច អ្នកចាញ់
ជាចោរ អ្នកឈ្នះយកទាំងអស់ និងបញ្ចៀស “វដ្តវិលជុំនៃសម្អប់ កំហឹង និងហិង្សា
(The disastrous cycle of hatred, resentment and violence.) “

បើគេថាច្បាស់លាស់ មិនរួញរាក្នុងការទទួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និង
អនាគត គេថាបានគិតគូរល្អិតល្អន់ ស្មោះត្រង់ ប្រឹងប្រែងដើម្បីជីវភាពប្រជាពលរដ្ឋ
និងផលប្រយោជន៍រួមប្រកបដោយចីរភាព នោះគេមិនត្រូវខ្លាច មិនត្រូវស្ទាក់ស្ទើរ
(ភាសាសាមញ្ញថាញ៉ាក) មិនឲ្យគេដឹង មិនឲ្យគេតាមដានតាមរយ:ការបើកចំហ
និងតាមដានទេ ។ ហើយនោះហើយគឺជាយុទ្ធសាស្រ្តឈ្នះៗទាំងពេលបច្ចុប្បន្ន និង
អនាគតសម្រាប់មេដឹកនាំ អ្នកនយោបាយ និងប្រជាពលរដ្ឋគឺ : “បើកចំហ អង្គុយជជែក
ពិភាក្សាប្រកបដោយការទទួលខុសត្រូវ ផ្តល់ព័ត៌មានទូលំទូលាយដោយឥតលាក់បាំង
និងមានការចូលរួម តាមដាន និងផ្ទៀងផ្ទាត់“ ។

No comments: