Tuesday, July 30, 2013

Politics

នៅលើហ្វេសបុក អានគេបង្ហោះផង សរសេរខ្លួនឯងផង អានពត៌មានទូទៅ ក៏ដូចជាពត៌មាននយោបាយ ។ ទាក់ទងនឹងនយោបាយក៏អាចសន្និដ្ឋានថាទោះជាអ្នកចូលចិត្ត ឬមិនចូលចិត្តតែនយោបាយតាមរកអ្នកគ្រប់ជំហាន គ្រប់ដង្ហើមចេញចូល និងគ្រប់ទីកន្លែង ។ នយោបាយនៅទីបំផុតនឹងបង្ខំអ្នកទោះយល់ឬមិនយល់ ដឹងឬមិនដឹង (ដូចជាបរិស្ថានដែលជាកម្លាំងដែកឆក់ដ៏ខ្លាំងដែលជាប់ទាក់ទងបុគ្គលម្នាក់ៗ និងនយោបាយ) ចូលចិត្តឬមិនចូលចិត្ត នយោបាយនឹងបង្ខំអ្នកឲ្យសម្របសម្រួល និងដើរលើផ្លូវដែលនយោបាយបានគូសវាស ។ សំនួរសួរថាតើអ្នកត្រូវតែនយោបាយចាប់បង្ខំដោយទាំងអ្នកមិនចូលចិត្តមិនចង់បាន ឬត្រូវមានសម្លេងនិងវិភាគទានដើម្បីឲ្យលេចចេញនៅផ្លូវនយោបាយដែលអ្នកប្រាថ្នាចង់បានឬ ? ជាសមញ្ញដូចគ្នាហ្នឹងបើអ្នកចង់បានផ្លែក្រូចអ្នកត្រូវដាំក្រូច ។ ចង់បានធូរេនត្រូវដាំធូរេន ។ ហើយដូចគ្នាហ្នឹងដាំដើមឈើ អ្នកត្រូវចូលរួមថែទាំការពារ និងដឹងពីពត៌មានចាំបាច់ទាក់ទងនឹងសត្វល្អិត អាកាសធាតុ ការស្រោចទឹក ឬជម្ងឺផ្សេងៗដែលបណ្តាលមិនឲ្យផលតាមសេចក្តីត្រូវការ ។ អ្នកត្រូវប្រឹងប្រែងឲ្យអស់សមត្ថភាព និងដឹងពីពត៌មានទាំងអស់នេះហើយផ្លែផ្កាប៉ុណ្ណានឹងជាទីពេញចិត្តរបស់អ្នក (មិនមែនចាំមានផ្លែចាំបេះ ស្រួលមិនស្រួលពិបាកបេះកាប់រំលំដើមតែម្តងទេ ។ នេះគេហៅថាជនឪកាសនិយម អាត្មានិយម និងមិនចេះគិតប្រយោជន៏រួម ។) នយោបាយដូចគ្នានឹងការដាំដើមឈើដែលអ្នកត្រូវចូលរួម ប្រឹងប្រែង តាមដាន ថែទាំ និងត្រូវការពត៌មានផ្សេងៗដូចជាកំពុងដាំដើមឈើអ្វី (គោលដៅ ចេតនាអ្វី)? ការវិវឌ្ឃន៏យ៉ាងម៉េចហើយ? មានកត្តាអ្វីដែលត្រូវយកចិត្តទុកដាក់? ហើយលទ្ធផលទោះមិនបានជាទីពេញចិត្តទាំងស្រុងតែដោយសាមានចំណែកអ្នក និងការប្រឹងប្រែងរបស់អ្នក អ្នកនឹងទទួលបានអារម្មណ៏ពេញចិត្តដែលអាចទទួលយកបាន ។ តើអ្នកធ្លាប់លឺថាអ្នកនយោបាយជាតំណាងជាអ្នកឈឺឆ្អាល ធ្វើការសម្រាប់អ្នក សហគមន៏អ្នកទេ? នេះជា Status Quo ដែលអ្នកនយោបាយនឹងត្រូវតែពិចារណា សម្របសម្រួលឬនឹងបំពេញឲ្យអ្នក ។ ឧទាហរណ៏ថាបុគ្គលម្នាក់គាត់ត្រូវការបរិស្ថានដែលមានខ្យល់អាកាសបំពុលតិច ហើយអ្នកក្នុងសហគមន៏ភាគច្រើនយល់ថានេះជារឿងត្រឹមត្រូវនិងគាំទ្រ អ្នកតំណាងអ្នកនឹងត្រូវតែបំពេញកិច្ចការសម្របទៅហ្នឹង Status Quoហ្នឹង ។ អញ្ចឹងអ្នកត្រូវបញ្ចេញមតិ ចូលរួម និងតាមដានក្នុងនយោបាយ ។ អ្នកអាចសម្រេចចិត្តមិនខ្វល់ទាំងអស់ តែនយោបាយនឹងបង្ខំអ្នកឲ្យសម្របសម្រួល និងដើរលើផ្លូវដែលនយោបាយបានគូសវាស ហើយមិនខុសគ្នានឹងអ្នករស់តាមយថាកម្មដែរ ។

No comments: