Tuesday, February 18, 2014

សង្ឃឹមសុបិន្តល្អ

សង្ឃឹមសុបិន្តល្អ

ភាពជាតំណាងជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់ និងមានទំណួលខុសត្រូវខ្ពស់ពីព្រោះ
ភេទជាតំណាងត្រូវបំរើ ដោះស្រាយបញ្ហា និងធ្វើឲ្យស្ថានភាពប្រជាពលរដ្ឋបាន
ប្រសើរជាងមុន ។ ភាពឡេះឡោះ អំណួត អាងយ៉ាង និងភាពដាច់បង្ហៀរត្រូវគ្រប់គ្រង
ម៉ត់ចត់ជំនួសវិញដោយវិន័យ ការប្តេជ្ញាចិត្ត សមាធិ និងស្មារតីទទួលខុសត្រូវក្នុងវាចារ
សកម្មភាព និងចេតនា (គោលដៅ) ។ តើរឿងនេះមិនលំបាក មិនតឹងតែងទេឬបើសិន
យើងគិតនៅក្នុងអត្មានិយម ឬគិតនៅក្នុងភាពឯកជន? តើអ្នកណាមិនចង់ផឹកយ៉ាង
ក្អាកក្អាយ សើចរាំឡកកញ្ឆេង ឬជិះទូកលេងផឹកប៊ីយ៉ែរមានអ្នកយល់ចិត្ត? មូលហេតុនេះ
ហើយដែលបញ្ជាក់ថាភាពជាតំណាងគឺជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់ និងមានទំណួលខុស ត្រូវខ្ពស់ ។ មិនត្រឹមតែប៉ុណ្ណោះដោយសាប្រជាពលរដ្ឋមើលមកអ្នកតំណាងជាអ្នកស្មោះត្រង់
ជាអ្នកគួរឲ្យទុកចិត្ត ប្រជាពលរដ្ឋតែងតែរំពឹងយ៉ាងខ្ពស់ថាអ្នកតំណាងរបស់ពួកគេនឹង
ធ្វើជាគម្រូ និងឧទាហរណ៏ល្អចំពោះសេចក្តីណែនាំ ការប្រកាស និងគោលនយោបាយ ។
អ្នកតំណាងក្នុងស្មារតីនេះត្រូវប្រកាន់ជានិច្ចនូវស្មារតីទទួលខុសត្រូវ ត្រូវថ្លឹងថ្លែងម៉ត់ចត់
ត្រូវស្វែងរក និងស្វែងយល់ពត៌មានគ្រប់ជ្រុងជ្រោយដើម្បីដំណោះស្រាយ និងការសម្រេច
ចិត្តមានតុល្យភាព ដែលឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងធានាថាផលប្រយោជន៏
រួមរបស់ប្រជាពលរដ្ឋបានរកឃើញ ។ ដំណោះស្រាយ និងការសម្រេចចិត្តរបស់អ្នកតំណាងត្រូវ
យោងលើពត៌មានពីអ្នកពាក់ព័ន្ធ ពីអ្នកបច្ចេកទេស និងមានលក្ខណ:វិទ្យាសាស្រ្ត ។ សុទ្ធ
តែរឿងតឹងតែង និងស្មុគស្មាញដែលទាមទារការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវ
ខ្ពស់ ។ តែជាការពិតនៅលើពិភពលោកទៅហើយដែលអ្នកតំណាងមានតិចជាងប្រជា
ពលរដ្ឋ ហើយអ្នកតំណាងប្រកបដោយបច្ចេកទេស មនសិការ និងទំណួលខុសត្រូវខ្ពស់
នឹងបំរើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានទូលំទូលាយ ។ ហើយការពិតមួយទៀតគឺ
បើផ្ទុយពីនេះវិញ គេក៏បង្កើតផលអវិជ្ជមានមួយគំនរធំដល់សង្គមជាតិដែរ ។ ដូចនេះ
ប្រព័ន្ធរដ្ឋបាល យន្តការណ៏ វិន័យ និងច្បាប់នានាសំខាន់ណាស់ថាអ្នកតំណាងនឹង
មិនប្រកបដោយទោស: មោហ: និងលោភ: និងលំអៀង និងមិនប្រើថាមពលអវិជ្ជមាន
ដែលនាំមកនូវទុក្ខទោស និងផលអវិជ្ជមានដល់មហាជនទេ ។ គេត្រូវធានាថាអ្នក
តំណាងមិនមែនជាអ្នកមកស្រង់ដើមដោយសាគេបានចំណាយយ៉ាងមហាសាល
មុនទទួលបានភេទជាអ្នកតំណាងទេ ។ ប្រព័ន្ធរដ្ឋបាលដែលខ្ញុំ
ជឿជាក់គឺប្រព័ន្ធផ្សព្វផ្សាយបើកចំហរ និងមានវិជ្ជាជីវ:ពីព្រោះដូចបានលើកឡើងខាង
លើគឺអ្នកតំណាងត្រូវស្វែងរក និងស្វែងយល់ពត៌មានគ្រប់ជ្រុងជ្រោយដើម្បីដំណោះស្រាយ និងការសម្រេចចិត្តមានតុល្យភាព ដែលឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងធានាថាផលប្រយោជន៏រួមបានរកឃើញ ។ ជាមួយគ្នានេះផងដែរគឺ
ការជជែកពិភាក្សាថ្នាក់ជាតិដោយបើកចំហរ ដោយស្មារតីទទួលខុសត្រូវ និងដោយ
វិជ្ជាជីវ:ដើម្បីអាចឲ្យប្រជាពលរដ្ឋទទួលបានពត៌មាន និងអាចធ្វើការសម្រេចចិត្ត ។ ជាការ
ពន្យល់បន្ថែមសូមអាន: https://www.facebook.com/sotheavuth.chan/posts/10202431267475865.

បើនិយាយដោយឡែកទូលំទូលាយបន្តិច គេអាចជឿជាក់យ៉ាងម៉ុតមាំថាប្រសិនបើអ្នក
តំណាងមានបច្ចេកទេស មានមនសិការ និងជាពិសេសការទទួលខុសត្រូវ នោះផល
វិជ្ជមានយ៉ាងទូលំទូលាយគឺបានមកមហាជន ។ ហេតុនេះការអភិវឌ្ឃន៏សង្គមប្រសិន
គេគិតពីទំណួលខុសត្រូវ ទស្សន:វិស័យ (Vision) និងចេរភាព (Sustainability) ការ
ផ្តួចផ្តើម ការអនុវត្ត និងគោលនយោបាយដែលធានាយ៉ាងមានប្រសិទ្ធិភាពថា
សមាជិកសង្គមភាគច្រើន (នៅក្នុងភាគរយខ្ពស់) នឹងជាប្រជាពលរដ្ឋដែលមាន
សមត្ថភាព ជំនាញ មនសិការ និងទំណួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកតំណាង និង
ជាប្រជាពលរដ្ឋ ។ ប្រព័ន្ធអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធរដ្ឋផ្សេងៗត្រូវធានាពី
ឪកាស ពីការយកចិត្តទុកដាក់ និងការឧបត្ថមទាំងខាងរចនាសម្ព័ន្ធ និងទុនដើម្បី
ធានាការរីកចម្រើនដោយផាសុខភាព និងវិជ្ជមានសម្រាប់ប្រជាពលរដ្ឋសមសម្រប
នឹងសមភាពសង្គម និងយុត្តិធម៌សង្គម ។ ពត៌មានថ្មីៗនេះបានធ្វើឲ្យសុបិន្តខ្ញុំ និង
ប្រជាពលរដ្ឋជាច្រើនគិតថាប្រទេសមួយនេះកំពុងដើរលើផ្លូវដែលត្រឹមត្រូវ ដែលមាន
ការទទួលខុសត្រូវអាចប្រែក្លាយប្រជាជាតិដ៏កម្សត់មួយនេះដែលឆ្លងកាត់ភាពខ្លោចផ្សា
ទុក្ខសោកនារាសព្រាត់ប្រាស និងសូម្បីតែប្រល័យពូជសាសន៏ខ្លួនឯងឈានទៅរកទំព័រ
ប្រវត្តិសាស្រ្តថ្មីនៅក្នុងសហគមន៏អន្តរជាតិរស់ក្រោមដំបូលច្បាប់ជាតិ និងអន្តរជាតិ ដែលគោរពសិទ្ធិ សេរីភាព និងតម្លៃដោយមិនប្រកាន់ពណ៌សម្បុរ ភេទ និងជាតិសាសន៏ ។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។ សូមជួយណែនាំ ។ សូមអរគុណ ។

អាចអានពត៌មានពីព្រឹត្តិកាណ៏ថ្មីៗដូចជា :
- http://thmeythmey.com/index.php?page=detail&ctype=article&id=12350&lg=kh
- https://www.facebook.com/rainsy.sam.5/photos/a.521085964614808.1073741829.520708567985881/666709083385828/?type=1&theater
- http://www.cen.com.kh/localnews/show_detail/19?token=NTNhMjBjZG

No comments: