កុំស្រឡាញ់ពេក កុំស្អប់ពេក ។ ស្រឡាញ់ពេកទៅជាហួងហែង ដៃគូរអ្នកក៏ធុញ
ហើយមិនត្រឹមតែធុញទេ នៅថាអ្នកមិនទុកចិត្តគេផង ឬថាប្រច័ណ្ឌហួសហេតុ ។
ពាក្យ "ពេក" មិនល្អទេតែគួរជំនួសវិញដោយការថ្លឹងថ្លែង ដោយការទទួលខុសត្រូវ
និងសមស្របតាមបច្ចេកទេស ឬច្បាប់ ។ ឧទាហរណ៏រសជាតិផ្អែមពេកដោយស្ករ
ច្រើនពេកទៅជាវិវឌ្ឍន៏ជាជំងឺទឹកនោមផ្អែម ។ អាហារ ផ្លែឈើជាតិគីមីច្រើនពេក
ទៅជាមហារីក ។ ផឹកស្រាច្រើនពេកទៅជាក្រិនថ្លើម លើសឈាម ឬទាចទឹក ។
ទុកចិត្តពេកមិនពិចារណា ផ្តល់សិទ្ធិសម្រេច ចុះហត្ថលេខាអ្វីមិនបានអាន មិន
ពិនិត្យ មិនមានសាក្សីជាមេធាវីអាចនាំដល់ការបោកប្រាស់ ។ ភូតនៅហោរ ចោរ
នៅជាង ។ ការងារល្អត្រូវសរសើរ ការងារមិនល្អត្រូវទទួលការបន្ទោស ទទួលស្គាល់
កំហុស និងរៀនពីចំណុចខ្សោយ ។ គឺទុកចិត្តដោយវាយតម្លៃចំពោះការងារម្តង
មួយៗ តែក៏ត្រូវមានគោលដៅ មានគោលការណ៏ វិន័យច្បាស់លាស់ មិនអាចមិន
ច្បាស់ខ្លួនឯងដែរងាកតែបន្ទោសគេទេ ។
ហើយពាក្យពេកក៏មិនល្អ ដល់តិចពេកក៏នៅតែមិនល្អ ។ មានតែបត់បែនខ្លះនៅក្នុង
ទំនាក់ទំនង ។ និយាយពីទំនាក់ទំនងបើភាគីម្ខាងណារៀង "ង៉ក់ង៉ច្រើន" ភាគីម្ខាង
ទៀតមានតែពូកែ "លួង ឬភរ" ។ គួរតែច្បាស់លាស់ ម៉ត់ចត់ចំពោះខ្លួនឯង នោះ
អ្នកដទៃក៏ពិបាកបន្លែបន្លំ ឬឡេះឡោះងាយស្រួលដែរ ។ តែប្រយ័ត្នរឿង "ចាញ់សម្រស់
មុនការ និងរឿងមិនប្រញាប់ទៅប្រមូលខោអាវមកទុកមុនភ្លៀង" ។ និយាយរឿង
ទំនាក់ទំនងស៊ីជំរៅបន្តិចចុះ ។ ច្រើនតែដំបូងគឺប្រឹងរៀបចំបុគ្គលិកលក្ខណ: ប្រឹង
សម្រប និងប្រឹងធ្វើមិនឲ្យទាស់ចិត្តគ្នាទេចង់អ្វីក៏ត្រូវគ្នាដែរ ។ នេះហៅលាក់រាងខ្លួន
មិនចង់ឲ្យថាមិនចូលចិត្តចំណុចខ្សោយរាងខ្លួន ។ ដល់តែជិតស្និទ្ធមែនទែន ចាប់
ផ្តើមចេញចរិតពិត ចំណង់ចំណូលចិត្តពិតជាដើម តាំងថាពីដំបូងផ្អែមម្លេះ ហើយ
ឥឡូវម៉េចគិតតែខ្លួនឯង ឬមិនថ្នាក់ថ្នមអីជាដើម ។ ជាមតិផ្ទាល់ខ្លួនគួរតែឈ្លោះគ្នា
ឲ្យហើយមុនរៀបអាពាហ៏ពិពាហ៏ ។ គួរស្វែងយល់ចិត្ត ស្វែងយល់ចំណុចខ្សោយ ចំណាយ
ពេលសមល្មម និងពិចារណាទាំងចំណុចល្អ និងចំណុចខ្សោយ ថាតើឆ្នាំងណាគ្របហ្នឹងអត់?
ថាតើស៊ីខ្សែ ស៊ីស្ទីលគ្នាឬអត់? ថាតើទ្រាំគ្នាបានប៉ុណ្ណា? អាចសម្របគ្នា និងទទួលយក
ចំណុចខ្សោយគ្នាប៉ុណ្ណា? ចំណុចខាងលើមិនមែនធានាថាជីវិតគូរនឹងមិនមានបញ្ហា
ឬបែកបាក់ទេ តែគ្រាន់ជាចំណុចអាចពិចារណាបាន ។ ហើយពិតជាពេញចិត្តចំពោះ
ការសរសេរបង្ហោះរបស់មិត្តដែលថា "ការរៀបអាពាហ៏ពិពាហ៏មិនមែនជាកាតព្វកិច្ចទេ
តែជាជម្រើស ។" ត្រឹមត្រូវ ហេតុអ្វីបង្ខំចិត្តរៀបការដោយមិនច្បាស់លាស់ ឬតាមដំណើរ
បើរើសបានល្អក៏ល្អ បើមិនល្អក៏តាមយថាកម្ម?
ជាចុងក្រោយ "ច្រើនពេក ឬតិចពេក" សុទ្ធតែមិនល្មម ហើយល្មមពេលខ្លះវាប្រែប្រួល
ទៅតាមបុគ្គល ឬក្រុមមួយៗ ។ ប៉ុន្តែរឿងដែលគួរពិចារណាគឺមិនគួរស្រឡាញ់ពេក
ឬស្អប់ពេក ឬវិនិច្ឆ័យនរណាម្នាក់ដោយយើងមិនមានពត៌មានគ្រប់គ្រាន់ទេ ។ យើង
ត្រូវតែឆ្ងល់ទៅវិញទេនៅពេលមានបុគ្គលប្រឹងប្រែងប្រើពាក្យសម្តីផ្អែមជ្រុល ប្រឹង
ប្រែងយកចិត្តយើងដើម្បីឲ្យយើងទុកចិត្តតែមិនបានលើកបង្ហាញពីសេចក្តីលំអិត
ចេតនា ឬគោលដៅ ។ មិនចាំបាច់ផ្អែមជ្រុល ឬលួងលោមយកចិត្តអីពេកទេ តែ
ត្រូវការសេចក្តីស្មោះត្រង់ ហើយសេចក្តីស្មោះត្រង់មានន័យថាអាចពិភាក្សា អាចបង្ហាញ
សេចក្តីលំអិត បញ្ជាក់ពីគោលដៅ ចេតនា ឬនិយាយបង្ហាញពីយន្តការណ៏ និងផ្លូវច្បាប់
ប្រសិនមានបញ្ហា ។ ផ្អែមពេក លួងលោមពេក ឬទុកចិត្តពេកតែខ្វះសេចក្តីលំអិត
និងយន្តការណ៏ដោះស្រាយបញ្ហាពេលក្រោយជាអន្ទាក់ដ៏ពិសពុលដែលគួរតែជៀសវាង ។
No comments:
Post a Comment