Tuesday, February 18, 2014

សូមថែសុខភាពអ្នក

សូមថែសុខភាពអ្នក

សូមនិយាយពីទម្លាប់មួយដែលគួរតែពិចារណា និងស្វែងយល់ ។
ទម្លាប់នោះគឺពេលឈឺតែងតែទៅរត់រកទិញថ្នាំពីឪសថស្ថានតែ
ម្តងហើយភាគច្រើនមិនមានវេជ្ជបញ្ជាទិញថ្នាំ ឬទទួលការពិនិត្យ
វិនិច្ឆ័យរោគដោយដុកទ័រទេ ។ មិនមែនថាឪសថស្ថានមិនត្រូវលក់
ថ្នាំឲ្យទេ តែវាជាគ្រោះថ្នាក់ខ្លាំងណាស់ពីព្រោះមិនដឹងរោគវិនិច្ឆ័យ
ច្បាស់លាស់ ហើយផលប៉ះពាល់ (Side Effect)ចំពោះផ្នែក ឬគ្រឿង
ក្នុងក្នុងរយះពេលវែងមិនដឹងយ៉ាងណា ។ ជាធម្មតាលើកលែងអ្នក
ជំងឺស្លាប់តែម្តងទើបសាព៌តមាន ឬស្ថាប័នពាក់ព័ន្ធខ្វែងដៃខ្វែង
ជើងស្រាវជ្រាវរកមូលហេតុជំងឺ ឬថ្នាំឧទាហរណ៏ដែលអ្នកស្លាប់
បានលេប ។ ប៉ុន្តែចុះផលប៉ះពាល់ដែលបណ្តាលពីថ្នាំដែលអាចហួស
ដឺលេ (Expired date)ដែលខូចគុណភាព ឬផលប៉ះពាល់ពីថ្នាំ
ដែលលក់ដោយអវត្តមានការវិនិច្ឆ័យរោគពីដុកទ័រ តើអ្នក
ណាជាអ្នកតាមដាន និងទទួលខុសត្រូវ? លេបម្តង ឬច្រើនដង
បណ្តាលឲ្យស្លាប់គឺស្រួលតាមដានថ្នាំ និងកន្លែងទិញទេ ចុះ
ជំងឺភាគច្រើនដែលក្នុងរយះពេលយូរបានធ្វើទុក្ខ បានធ្ងន់ធ្ងរ
ហើយរ៉ាំរ៉ៃតែម្តង តើការត្រួតពិនិត្យ តាមដាន និងមូលហេតុទទួល
ខុសត្រូវអាចរកឃើញយ៉ាងដូចម្តេច?

ពេលអ្នកជំងឺម្នាក់ទៅទិញថ្នាំពីឪសថស្ថាន គេអាចគិតថានេះជា
រឿងបុគ្គលម្នាក់ ។ តែបើសិក្សាពីអាកប្បកិរិយាបុគ្គលទូទៅគេ
អាចលើកសំណួរដូច្នេះថាតើនេះជាទំនោររបស់អ្នកជំងឺភាគច្រើន
ទេ? តើអ្នកជំងឺតែងតែជ្រើសរើសការទិញថ្នាំផ្ទាល់ពីឪសថស្ថាន
តែម្តង ហើយជាទួទៅមិនទៅពេទ្យរកការវិនិច្ឆ័យជំងឺពីដុកទ័រទេ?
តើពួកគេយល់ដឹងពីផលប៉ះពាល់ដោយការប្រើថ្នាំក្នុងកំរិតណា?
បើក្នុង ១០០នាក់មាន៩០នាក់ហើយទៅទិញផ្ទាល់តែម្តង និងមិន
យល់ពីផលប៉ះពាល់ ទំនោរនេះត្រូវសិក្សាច្បាស់លាស់ និងគិតគូរ
យកចិត្តទុកដាក់ពីព្រោះវាអាចបង្កបញ្ហាដល់សុខមាលភាព
សង្គម ជាបន្ទុកសង្គម និងសេដ្ឋកិច្ចជាតិ ។ រឿងនេះអាចជារឿង
បុគ្គលតែជាតថភាព នេះបញ្ហារួមដែលទាមទារការយកចិត្តទុក
ដាក់ទាំងអស់គ្នា និងចូលរួមដោះស្រាយទាំងអស់គ្នា ។
ទោះអត្មានិយមប៉ុណ្ណា គេត្រូវទទួលស្គាល់ថាគេមិនអាចគេច
ឬដើរចេញពីបញ្ហាប្រឈមដូចជាខ្យល់អាកាសនៅក្នុងបរិស្ថាន
ចំណីអារហារ ផ្លែឈើថាតើមានជាតិគឺមី មានការត្រួតពិនិត្យ
ថាអាចបណ្តាលឲ្យប៉ះពាល់សុខភាពទេ? ថាតើថ្នាំដែលគេទិញ
ខូចគុណភាព ឬមានផលប៉ះពាល់ទេ?

ប៉ុន្តែតថភាពជាក់ស្តែងមួយទៀតគឺចំណេះដឹង និងសមត្ថភាព
ក្នុងការស្វែងយល់បញ្ហានេះទៅលើសពីអ្វីដែលប្រជាពលរដ្ឋអាច
គ្រប់គ្រងបាន ។ ទៅលើសពីព្រោះប្រជាពលរដ្ឋមិនមែនជាអ្នក
ឯកទេស មិនមែនជាសមត្ថកិច្ច ឬស្ថាប័នដែលមានសមត្ថភាព
ឯកទេសបើទោះជាមានការទទួលខុសត្រូវមួយចំណែកធំក្នុង
ការជ្រើសរើស និងសម្រេចចិត្តសម្រាប់សុខភាពខ្លួនឯង ។
ហេតុនេះទើបទាមទារការត្រួតពិនិត្យ តាមដាន និងការទទួល
ខុសត្រូវខ្ពស់ប្រកបដោយវិជ្ជាជីវ:ដោយអ្នកឯកទេស បុគ្គល និងស្ថាប័ន
ពាក់ព័ន្ធពីព្រោះការថ្លោះថ្លោយ ការឆកល្វែង និងការមិន
ទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ
ធ្វើឲ្យធ្លាក់ចុះសមត្ថភាពផលិតកម្មដោយសារសុខភាព ជាបន្ទុក
គ្រួសារ និងសង្គមចំពោះការចំណាយព្យាបាល និងប៉ះពាល់ដល់
សេដ្ឋកិច្ចជាតិទាំងមូល ។

ជាចុងក្រោយនៅពេលទម្លាប់ ឬទំនោរនៃការទិញថ្នាំនៅ
ឪសថស្ថានផ្ទាល់ដោយមិនឆ្លងកាត់រោគវិនិច្ឆ័យ និងវេជ្ជបញ្ជា
ពីពេទ្យ និងដុកទ័រត្រូវតែជៀសវាង រដ្ឋត្រូវចាត់វិធានការណ៏
ម៉ឺងម៉ាត់ និងបង្កើតគោលនយោបាយថ្នាក់ជាតិក្នុងការ
គ្រប់គ្រងការប្រើប្រាស់ និងលក់ទិញថ្នាំពេទ្យ ។ ការទិញលក់ និង
ការប្រើប្រាស់ថ្នាំត្រូវឆ្លងកាត់រោគវិនិច្ឆ័យពីពេទ្យ ពីដុកទ័រ មាន
វិជ្ជបញ្ជា មានការទទួលខុសត្រូវទាំងភាគីពេទ្យ ដុកទ័រ ឪសថស្ថាន
និងអ្នកជំងឺ ។ អាចជាបញ្ហាស្មុគស្មាញ ប៉ុន្តែដើម្បីធានាប្រសិទ្ធភាព
និងសុវត្ថិភាពក្នុងរយះពេលវែង ការទទួលខុសត្រូវពីភាគីទាំងអស់
ខាងលើពិតជាមូលដ្ឋានចាំបាច់ណាស់ ។ អភិបាលកិច្ចល្អ តម្លាភាព
និងគណេយ្យភាពក៏ផ្តល់ផលប្រយោជន៏ទូលំទូលាយនៅក្នុងបញ្ហានេះ
ដែលអាចដើរទន្ទឹមគ្នានឹងការបើកចំហរ ការទទួលខុសត្រូវ និង
វិជ្ជាជីវ: ។

ខ្ញុំសរសេរអត្ថបទខ្លីនេះមិនតំណាងថាជាអ្នកឯកទេសពេទ្យទេ ។ ដូច
បានសរសេររៀបរាប់ មុនទិញ ឬប្រើប្រាស់ថ្នាំពេទ្យសូមឆ្លងកាត់រោគ
វិនិច័្ឆយ និងទទួលវេជ្ជបញ្ជាពីដុកទ័ររបស់អ្នក ។

សូមជួយណែនាំ ។ សូមថែសុខភាពអ្នក ។

No comments: